លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី អែលឃើ បឿឌិនប៊ិនឌ័រ (Eike Búdenbender) បានធ្វើដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបតាមយន្តហោះពិសេស នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ដើម្បបំពេញទស្សនកិច្ចផ្លូវនៅកម្ពុជា តបតាមការអញ្ជើញ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនិងជាប្រធានព្រឹទ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងមានកិច្ចសន្ទនាផ្លូវការ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផលប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា។

លោកប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោកប្រធានាធិបតី នឹងអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយអាល្លឺម៉ង់ និងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង ក្នុងរាជធានីភ្នំពេញផងដែរ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ របស់លោក ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជានេះ នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕