លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងភរិយា លោកស្រី អែលឃើ បឿឌិនប៊ិនឌ័រ (Eike Búdenbender) បានមកដល់ទឹកដីកម្ពុជាហើយក្នុងដំណើរបំពេញទស្សនកិច្ចលើកដំបូងជាផ្លូវការចំនួន២ថ្ងៃ គឺនៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីរឹតចំណងទាក់ទងនៃប្រទេសទាំងពីរ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា។
តាមរយៈដំណើរទស្សនកិច្ចនេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកដែថារ នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាពព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរនិងពង្រឹងបន្ថែម ទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។
អាល្លឺម៉ង់ ត្រូវបានគេដឹងថា គឺជាប្រទេសដែលកំពុងតែលេចធ្លោទាំងផ្នែកសេដ្ឋកិច្ច និងយោធា ហេតុនេះការទទួលបានការគាំទ្រពីបណ្តាប្រទេសតូចៗ ដូចជាកម្ពុជា ជាការចាំបាច់ដើម្បីធ្វើឱ្យឥទ្ធិពលរបស់ខ្លួនកាន់តែរីកចម្រើនផងដែរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តការពាណិជ្ជកម្មរវាងកម្ពុជា-អាល្លឺម៉ង់ ដែលជាប្រទេសមួយរបស់សហភាពអ៉ឺរ៉ុប បានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអាល្លឺម៉ង់ ចំនួនប្រមាណ១០៨៣លានដុល្លារអាមេរិក។ តួលេខនេះមានការកើនឡើង២៣% បើធៀបនឹងឆ្នាំ២០២១។ នេះតាមសារព័ត៌មានរដ្ឋ AKP ចេញផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
បើតាមសារព័ត៌មានដដែលបានបន្តថា ការនាំចូលរបស់អាល្លឺម៉ង់មកកម្ពុជាមានការកើនឡើង៣% ដែលមានចំនួនប្រមាណ១៦៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២២។ ទំនិញដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអាល្លឺម៉ង់ភាគច្រើនរួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងបន្លាស់អគ្គិសនី និងកង់ ខណៈការនាំចូលសំខាន់មានដូចជាយានយន្ត សម្ភារៈសំណង់ និងគ្រឿងសង្ហារឹមជាដើម។
សូមរម្លឹងដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានក្រោយបញ្ចប់នៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប (EU) មានតម្លៃ ៤,៥ ពាន់លានអឺរ៉ូ (៤,៩៨ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១ កើនឡើង ៤,៦ ភាគរយធៀបនឹងឆ្នាំមុន។ តាមរយៈសេចក្តីប្រកាសនេះ ក៏បានបង្ហាញដែរថា ក្នុងចំណោមប្រទេសទាំង ២៨ នៅក្នុង សហភាពអឺរ៉ុបគឺទំហំពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ គឺមានទំហំធំជាងគេ បន្ទាប់មកចក្រភព អង់គ្លេស និងបារាំងផងដែរ៕ អត្ថបទ៖ ពិសី