សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសផ្តល់ការព្យាបាលឥតគិតថ្លៃ ជូនកីឡាករ កីឡាការិនី ដែលរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។
តាមរយៈហ្វេកបុកផេក នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយរងរបួស កីឡាករ កីឡាការិនី បានជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជន ដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាលផង ដែលជាញឹកញាប់ភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។
សម្តេចតេជោ បានបន្តថា ដោយមើលឃើញនូវការលំបាកបែបនេះ សម្តេចបានពិភាក្សាជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី ១០០ ទៅ២០០គ្រែ។ ចំណែកឯការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំឲ្យក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះ៕