មូលនិធិ IFAD ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ១៩៤លានដុល្លារគាំទ្រសេដ្ឋកិច្ចជនបទ និងកសិកម្មកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ស្ថិតនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី មន្រ្តីរាជខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ក្នុងទំហំទឹកប្រាក់សរុបចំនួន ១៩៤លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ IFAD នាទីក្រុងរ៉ូម ប្រទេសអ៉ីតាលី រវាងលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជាប្រចាំ IFAD និងលោក Alvaro Lario ប្រធាន IFAD កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្មនេះ មានគោលបំណងជួយកសាងសមត្ថភាពកសិករខ្នាតតូចក្រីក្រប្រហែល ១០០,០០០នាក់ និងគ្រួសារគ្មានដី ឬគ្រួសារក្រីក្រប្រហែល ២៥,០០០គ្រួសារ ដែលមានសក្តានុពលក្នុងការទាញយកអត្ថប្រយោជន៍ពីទីផ្សារនាំចេញ និងទាំងពីទីផ្សារក្នុងស្រុក សម្រាប់កសិផល, ផលិតផលកសិកម្ម និងបសុសត្វ។

សូមជម្រាបដែលថា ថវិកានៃកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការនេះនឹងផ្តល់ជូនតាមរយៈសមាគមអ្នកផលិត (Producer Organisations) និងសហគ្រាសកសិកម្មខ្នាតតូច និងមធ្យម ដែលមានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស ហើយនឹងនាំមកនូវអភិក្រមផ្អែកលើទីផ្សារ ប្រកបដោយភាពច្នៃប្រឌិតដោយផ្តោតលើភាពជាដៃគូអាជីវកម្ម លទ្ធភាពក្នុងការទទួលបានឥណទាន និងទីផ្សារ ព្រមទាំងការកសាងសមត្ថភាពសម្រាប់អ្នកទទួលផល ដើម្បីធ្វើឱ្យពួកគេកាន់តែមានភាពប្រកួតប្រជែង។

គួររម្លឹកបន្តិចថា កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) គឺជាគម្រោងដ៏មានមហិច្ឆតាមួយ ដែលជាឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិកម្មខ្នាតតូច ហើយការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការនាពេលនេះ គឺជាគម្រោងទី១១ នៅក្នុងក្របខណ្ឌហិរញ្ញប្បទានដែលផ្តល់ដោយ IFAD។

គិតត្រឹមដើមឆ្នាំ២០២៣នេះ IFAD បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបចំនួនប្រមាណ ៣០៤លានដុល្លារអាមរិក ហើយបាននិងកំពុងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ, សន្តិសុខស្បៀង, ការកាត់បន្ថយភាពក្រីក្រ, ការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ពិសេសការបណ្តុះបណ្តាល និងការផ្សព្វផ្សាយដល់កសិករ អំពីការប្រើប្រាស់បច្ចេកវិទ្យាដែលមានប្រសិទ្ធភាពជាងមុន និងការចូលទៅកាន់ទីផ្សារ៕