ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលនឹងការប្រារព្ធខួបអនុស្សារីយ៍លើកទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការរក្សាបាននូវការប្រាស្រ័យទាក់ទងជាប់ជាប្រចាំ ដូចដែលស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ជាញឹកញាប់ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រភេទទ័ពជើងគោកនៃប្រទេសទាំងពីរ។

សម្រាប់ពេលបន្តទៅមុខ សមភាគីទាំងពីរក៏បានពិភាក្សាអំពីគោលគំនិត និងយន្តការក្នុងការអនុវត្តទិសដៅសហប្រតិបត្តិការនានា ជាពិសេសលើការងារពង្រឹងសមត្ថភាពកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងការបោសសម្អាតមីនមនុស្សធម៌ និងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ សំដៅរួមចំណែកពូនជ្រំ និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន” ដែលទើបត្រូវបានដំឡើងកាលពីពេលថ្មីៗនេះ និងដែលត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៣ តទៅ។

ដោយឡែក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនជប៉ុននៅក្នុងដំណាក់កាលដែលកម្ពុជាបានជួបប្រទះនូវការលំបាក រួមមានទាំងការចូលរួមក្នុងដំណើរការចរចាស្វែងរកសន្តិភាព ក៏ដូចជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ។ មួយវិញទៀត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានគូសបញ្ជាក់អំពីការគាំទ្រតួនាទីដ៏មានសារៈសំខាន់របស់ប្រទេសជប៉ុននៅក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍនៅក្នុងតំបន់។

ក្នុងឱកាសនៃជំនួបនេះផងដែរ សមភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន” ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង។ សមិទ្ធផលថ្មីនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងទំនាក់ទំនងកម្រិតកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងជាការបោះជំហានប្រកបដោយសក្តានុពលដើម្បីជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យមានលក្ខណៈសកម្មរស់រវើក ក្នុងវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍៖ ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងនាយទាហានគ្រប់កម្រិត, ការហ្វឹកហ្វឺន និងលំហាត់រួម, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព, ការផ្លាស់ប្តូរព័ត៌មាន ព្រមទាំងជំនួយសម្ភារ-បរិក្ខារយោធា និងបច្ចេកវិទ្យា ជាដើម៕