រោងចក្រប្រមាណជាង៤០០កន្លែងក្នុងខេត្តកំពត អាចផ្តល់ការងារដល់ពលរដ្ឋជាង ២ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា ត្រឹមរយៈពេល៥ឆ្នាំ ខេត្តកំពត មានរោងចក្រប្រមាណជាង៤០០ អាចផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ២ម៉ឺននាក់។ នេះបើតាមការថ្លែង នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក»របស់រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអភិបាលខេត្តកំពត បានលើកឡើងថា រោងចក្រ សហគ្រាស ក្នុងខេត្តកំពតមានចំនួនសរុប ៤៤២ទីតាំង ក្នុងនោះមានរោងចក្រស៊ីម៉ង់តិ៍៤កន្លែង រួមផ្សំជាមួយនឹងកំពង់ផែកំពុងសាងសង់ចំនួន៦កន្លែង មានកម្មករបំពេញការងារប្រមាណ ២៣ ៦៩៦នាក់។ លើសពីនោះ ក៏មានសណ្ឋាគារ ផ្ទះសំណាក់ និងអគារផ្សេងៗ ដែលមានកម្ពស់៥ជាន់ឡើងបានសាងសង់រួចរាល់មានប្រមាណ៤៤ កន្លែងផងដែរ។

គួរឱ្យដឹងថា ខេត្តកំពតក្រៅពីមានរោងចក្រ សហគ្រាស ក៏មានសក្តានុពលទៅលើធនធានធម្មជាតិផ្សេងៗរួមមាន ដីស្រែ ឆ្នេរសមុទ្រ ឧទ្យានជាតិ រ៉ែ ធនធានជលផល រួមទាំងវិស័យកសិកម្មផងដែរ។ ក្នុងវិស័យកសិកម្ម ក្នុងរយៈពេល៥ឆ្នាំមកនេះ ខេត្តកំពតអាចផលិតស្រូវបានប្រមាណ ៤៥៧.១៤២តោន ក្នុង១ឆ្នាំ។ ដោយឡែក ដំណាំឧស្សហកម្ម ដែលនាំចេញទៅក្រៅប្រទេស រួមមាន ចេក ម្រេច និងដំណាំរួមផ្សំផ្សេងទៀតដូចជា ទុរេន ដូងជាដើម។ រីឯ កសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ ព្រមទាំងការផលិតសាច់សត្វផ្គត់ផ្គង់ក្នុងប្រទេស ខេត្តកំពតក៏មានផែនការនាំចេញទៅកាន់ប្រទេសម៉ាឡាស៊ី និងប្រទេសចិនផងដែរ៕