រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឯកអគ្គរាជទូត រដ្ឋទូត នៃប្រទេសចំនួន៤ (ក្រុមប្រទេស Nordic) ប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ រួមមាន លោក Jon Astrom Grondahl ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា ជាប្រធានប្រតិភូ, លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតណវ៉េប្រចាំកម្ពុជា និងថៃ, លោក Jon Thorgaard ឯកអគ្គរាជទូតដេនម៉ាកប្រចាំកម្ពុជា និងថៃ និងលោក Jyri Jarviaho ឯកអគ្គរដ្ឋទូតហ្វាំងឡង់ដ៏ប្រចាំកម្ពុជា និងថៃ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៦កុម្ភៈនេះ បានឱ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយអគ្គរាជទូត អគ្គរដ្ឋទូតម្តង ៤ប្រទេសនេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសំដែងការអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសស៊ុយអែត លើគម្រោងជាច្រើនជាពិសេសទៅលើគម្រោងកសាងសមត្ថភាពក្នុងការផ្តល់សេវាទីផ្សារការងារ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ តាមរយ:ការលើកកម្ពស់សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវ: និងលក្ខខណ្ឌការងារ ដែលបានជួយគាំទ្រលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឱ្យទទួលស្គាល់ជាប្រទេសដែលអនុវត្តបានកាន់តែប្រសើរអនុលោមទៅតាមបទដ្ឋានការងារអន្តរជាតិ ដែលជាកត្តាមួយយ៉ាងសំខាន់ក្នុងការផ្តល់នូវជំនឿទុកចិត្តដល់បណ្តាអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ទំនិញ។
លោករដ្ឋមន្ត្រី លើកឡើងថា កម្ពុជាបាននិងកំពុង បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសម្លេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និយោជក ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គាត់ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម កិច្ចព្រមព្រៀងជាសកល ការបន្តអនុវត្តបានយ៉ាងល្អនូវយន្តការត្រីភាគីក្នុងចរចា និងដោះស្រាយបញ្ហានានាប្រកបដោយជោគជ័យ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងការបន្តពង្រឹងយន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាលសុទ្ធជាធាតុផ្សំនៃការកសាងជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនប្រទេសទាំងនេះនៅកម្ពុជា។
លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូតទាំងអស់ បានសំដែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រងបានយ៉ាងល្អ ដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាជន ហើយឈានទៅបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញពេញលេញលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ក៏បានសំដែងនូវការកោតសសើរ ចំពោះការវិវត្តន៍រីកចម្រើននៃវិស័យការងារ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើឡើងនូវកិច្ចសន្ទាសង្គម សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ សិទ្ធិការងារ កាត់បន្ថយបាននូវិវាទការងារ មានយន្តការត្រីភាគីច្បាស់លាស់ដោះស្រាយការងារដោយឯករាជ្យ និងតម្លាភាព។
ភាគីទាំងពីរ នឹងបន្តរួមគ្នាលើកិច្ចសហប្រតិបត្តិ លើគម្រោងផ្សេងទៀត ដែលប្រទេសទាំងនេះមានគំរូដ៏ល្អសម្រាប់ចែករំលែកបទពិសោធន៍ សំដៅគាំទ្រក្នុងការធ្វើឱ្យប្រសើរថែមទៀតទាំងលើសេវាទីផ្សារការងារ ការកសាងធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈ ជាកម្លាំងពលកម្មជំនាញ ការធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ លក្ខខណ្ឌការងារ និងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ដើម្បីបន្តបង្កើននូវការជឿជាក់ និងភាពទាក់ទាញដល់អ្នកវិនិយោទុន និងអ្នកប្រើប្រាស់ទំនិញ មកលើប្រភពទំនិញពីកម្ពុជា ដែលជាប្រទេសអនុវត្តតាមអនុលោមភាពនៃបទដ្ឋានការងារអន្តរជាតិ៕អត្ថបទ៖សារេត