ព្រលានយន្តហោះសៀមរាប-អង្គរ សម្រេចបានប្រមាណ ៧៥%គ្រោងនឹងបើកនៅខែតុលា

សង្គម​ និង​សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងគ្រោងបើកឱ្យដំណើរការ នៅខែតុលា ឆ្នាំ២០២៣ ខាងមុខ ខណៈការសាង​សង់ ជាក់ស្តែងសម្រេចបានប្រមាណ៧៥%ហើយ។ នេះបើតាមរបាយការណ៍ ក្នុងបទបង្ហាញនៃដំណើរទស្សន កិច្ចស្វែង​យល់លក្ខណៈបច្ចេកទេស នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសនោះ ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ លោក ហ្សូ ហូយូអ៊ី បានលើកឡើងថា សៀមរាប គឺជា គុជខ្យងដ៏ភ្លឺចែងចាំងរបស់ប្រទេសកម្ពុជា ហើយប្រាសាទអង្គរវត្ត គឺជាបេតិកភណ្ឌវប្បធម៌ពិភពលោក និងជាសម្បត្តិ ជាតិ ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។ ដោយមានការគាំទ្រ និងជំនួយដ៏រឹងមាំពីរដ្ឋាភិបាលចិន និងកម្ពុជា ព្រមជាមួយការ គាំទ្រ ផ្នែកបច្ចេកទេស និងជំនួយពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ និងដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ។

លើសពីនោះ លោក នឹងស្វាគមន៍ដល់ប្រតិបត្តិករសេវាកម្មអាកាសចរណ៍ រួមមាន ការថែទាំយន្តហោះ ការផ្តល់ម្ហូបអាហារ សេវាកម្មលើដី ភ្នាក់ងារដឹកជញ្ជូន និងអ្នកដំណើរ ភ្នាក់ងារសេវាកម្មអាកាសចរណ៍ ជាដើម ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាផងដែរ។

នៅក្នុងនោះផងដែរ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានផ្ដល់ អនុ​សា​ស​ន៍​​ដល់ ក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋាន AIAI ត្រូវបន្ត និងពន្លឿនដំណើរការសាងសង់ ទៅតាមផែនការ សាងសង់​ដែលមានស្រាប់។ ក្រុមហ៊ុនអាកាសយានដ្ឋាន YACA និងរដ្ឋលេខាធិការ ដ្ឋានអាកាសចរស៊ីវិល ត្រូវធ្វើការរួម​គ្នាឱ្យ​បាន​ជិត​ស្និទ្ធ ដើម្បីរៀបចំ និងបំពេញរាល់កិច្ចការងារ ត្រៀមដែលចាំបាច់មុនពេល ដាក់ឱ្យដំណើរការអាកាសយានដ្ឋាន ដោយ​ត្រូវ​ឈរលើគោលបំណងរួមមួយគឺសម្រេចឱ្យបាននូវគោលដៅដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឱ្យទាល់តែបានក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់​ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុតសម្រាប់​សុវត្ថិ​ភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ។ ព្រលាន យន្តហោះនេះ អាច​មាន​សមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕