រយៈពេល ៤ថ្ងៃ បុគ្គលិកវិទ្យុ VOD ចំនួន៨រូបមកដាក់ពាក្យចូលបំរើការងាររដ្ឋ ក្រោយសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រកាសផ្តល់ក្របរដ្ឋជូនបុគ្គលិកវិទ្យុ VOD ដែលបានបាត់បងការងារធ្វើ បន្ទាប់ពីក្រសួងព័ត៌មានសម្រេចដកហូតអាជ្ញាបណ្ណមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ក្រោយផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធនឹងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា បានចុះហត្ថលេខាជំនួសសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការផ្តល់ជំនួយដល់ប្រទេសតួកគី ដែលរងគ្រោះដោយសាររញ្ជួនដី នាពេលកន្លងទៅ។
បើតាមការឲ្យដឹងក្នុងបណ្តាញតេឡេក្រាមនាយប់ថ្ងៃសុក្រទី១៧កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃ១៧កុម្ភៈ ២០២៣នេះមានបុគ្គលិក៨រូបបានមកដាក់ពាក្យសុំចូលធ្វើការ។ ដើម្បីបញ្ចប់ការងារនេះ សម្តេចតេជោបានកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការត្រឹមម៉ោង ១៧៖០០នាទីថ្ងៃ២៨កុម្ភៈ ឆ្នាំ២០២៣។
សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់សារជាថ្មីថា វិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយ និងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។ ខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត។ ក្របខ័ណរដ្ឋនៅពេលនេះត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌីដងដាក់ខ្ញុំទេព្រោះខ្ញុំនិងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ»។
បើតាមសារលើបណ្តាញសង្គមកាលពីថ្ងៃទី១៤កុម្ភៈ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ធ្ងន់ៗថា «សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើងហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង»។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង។
គួររម្លឹកថា ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចប្រកាសលុបអាជ្ញាបណ្ណព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ជាផ្លូវការក្រោយស្ថាប័នមួយនេះចុះផ្សាយអត្ថបទចោទប្រកាន់មកលើឧត្តមសេនីយឯក ហ៊ុន ម៉ាណែត។ នៅក្នុងសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា វិទ្យុ VOD បានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន៕