បណ្ឌិត ហ៊ុន ម៉ាណែត៖ ការបន្តរីកចម្រើនលូតលាស់នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់

សង្គម​ និង​សេដ្ឋកិច្ច

កូនប្រុសច្បងសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបើកដំណើរការប្រទេសឡើងវិញនៅក្រោយការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង បានអនុញ្ញាតឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចឡើងវិញ ដែលតាមរយៈការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺក្នុងរង្វង់ប្រមាណ ៥,២ ភាគរយ នៅក្នុងឆ្នាំ២០២២ និងប្រមាណ ៥,៦ ភាគរយនៅឆ្នាំ២០២៣។ តួលេខនេះ គឺស្ថិតលើគន្លងឆ្ពោះទៅកាន់កំណើនកាលពីមុនវិបត្តិនៃជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃ «គម្រោងមានជ័យ រ៉េស៊ីដិនស៍» របស់ក្រុមហ៊ុនឯកជនមួយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា «តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមកផងដែរ។ ដូច្នេះ ការបន្តរីកចម្រើនលូតលាស់នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយដែលមានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី»។

បើតាមឯកឧត្តមបណ្ឌិត ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញប្រកបដោយក្តីសង្ឃឹម, ការរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏បានឆ្លុះបញ្ចាំងអំពីការរីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ជាពិសេសការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម រួមជាមួយនឹងការកើនទ្បើងនូវតម្រូវការលំនៅដ្ឋាន ដែលមានផាសុកភាព និងមានសុខដុមភាពទៅនឹងបរិស្ថាននៃការរស់នៅ ជាអាទិ៍៖ ការបង្កើតឱ្យមានទីធ្លា និងសួនសាធារណៈ, ការរក្សាលំហរបៃតង, ការផ្តល់សេវាគ្រប់គ្រងសំណល់, ការគិតគូរទៅលើលំហូរចរាចរណ៍, ការគិតគូរទៅលើផាសុកភាពរស់នៅរបស់កុមារ និងមនុស្សចាស់, ព្រមទាំងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃជាក់ស្តែង ដូចជា៖ មន្ទីរពេទ្យ, សាលារៀន និងសួនសាធារណៈសម្រាប់សម្រាក និងសម្រួលផ្លូវចិត្ត-អារម្មណ៍ ជាដើម។

យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលបានផ្តល់ជូនអាជ្ញាប័ណ្ណដល់គម្រោងសាងសង់ចំនួន ៣ ៨២៧ គម្រោង ជាមួយនឹងទុនវិនិយោគសរុបចំនួន ២,៦៣ ពាន់លានដុល្លារ សម្រាប់រយ:ពេល ១១ ខែដំបូងឆ្នាំ ២០២២ ក្នុងនោះវិនិយោគិនបរទេសសំខាន់ ដែលបានមកធ្វើការវិនិយោគនៅក្នុងវិស័យសំណង់ និងចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺមកពីប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន។

លោក លាង មុនីរិទ្ធ រដ្ឋលេខាធិកានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា «ក្នុងរយ:ពេលមួយទស្សវត្សរ៍ចុងក្រោយនេះ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានការកើនឡើងជាលំដាប់ ហើយក៏និងបន្តកើនឡើងថែមទៀត ជាពិសេសក្នុងការសាងសង់អគារខ្ពស់ៗ ដូចជាខុនដូ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុគោលបំណង សាលារៀន មន្ទីរពេទ្យ និងធនាគារជាដើម»។

សូមជម្រាបជូនថា វិស័យសំណង់ គឺជាសសរស្តម្ភដ៏ធំមួយ ក្នុងចំណោមវិស័យសំខាន់ៗទាំងបួន ដែលបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រៅពីការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ និងកសិកម្ម ។

បើតាមក្រសួងរៀបចំដែនដី បច្ចុប្បន្ន កម្ពុជាមានអគារខ្ពស់ៗចំនួន ២ ៥៣៤ (ចន្លោះពី ៥ ទៅ ៤០ ជាន់) ដែលភាគច្រើនជាអគារលំនៅដ្ឋាន ស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះមានក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនរចនាគេហដ្ឋានប្រមាណ ១ ១៨៤ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស៕