ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះរាជអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់គ្នាក្នុងការជ្រើសរើសអ្នកដឹកនាំជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។
ក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ បានបញ្ជាក់ថា ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា គឺជាការបោះឆ្នោតជាទូទៅជាសកល ដោយសេរីត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
ជាមួយគ្នានោះ ក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានរាជបន្ទូលអំពាវនាវសូមកុំមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។ សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពេលកន្លងទៅបានឲ្យដឹងថា ការកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ គឺអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្ដីសម្រេចលេខ ៤៦ ចុះថ្ងៃទី២៩ ខែមិថុនា របស់រដ្ឋាភិបាលកម្ពុជា៕