លោក ប៉ែន បូណា តែងតាំងជាអនុប្រធានគណៈកម្មការរៀបចំការទទួលពាក្យរបស់អតីតបុគ្គលិក VOD មានបំណងចូលបម្រើការងាររដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញ បានសម្រេច បង្កើតគណៈកម្មការសម្រាប់ ទទួលពាក្យស្នើសុំរបស់ អតីតបុគ្គលិក វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលសុំបម្រើការងាររដ្ឋតាមក្រសួង-ស្ថាប័ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មការសម្រាប់ទទួលពាក្យនេះមានសមាសភាពចំនួន១៣រូប ដឹកដោយឯកឧត្តម អាវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាប្រធាន លោក  ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធាន និងសមាជិកចំនួន១១រូបផ្សេងទៀត។

ក្នុងសេចក្តីសម្រេចរបស់ក្រសួងមុខងារសាធារណៈគណៈកម្មការនេះ មានភារកិច្ច ទទួលពាក្យអតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ ពិនិត្យ និងផ្ទៀងផ្ទាត់ លើសំណុំឯកសាររបស់អតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដើម្បីរៀបចំបញ្ចូលក្របខ័ណ្ឌស្របតាមសមត្ថភាព ជំនាញវិជ្ជាជីវៈ និងឧបនិស្ស័យការងាររបស់បុគ្គលិកម្នាក់ៗ រៀបចំឯកសារពាក់ព័ន្ធ សម្រាប់ដាក់បញ្ចូលក្របខ័ណ្ឌឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចូលក្របខ័ណ្ឌអតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) ដែលមានបំណងចង់ចូលបម្រើការងាររដ្ឋ។

ជាមួយគ្នានេះ គណៈកម្មការ ក៏មានភារកិច្ច បូកសរុបរបាយការណ៍ជាប្រចាំជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីលើកសំណើគោរព ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច និងបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងមុខងារសារធាណៈ។

ក្រសួងមុខងារសាធារណៈ ក៏ណែនាំដល់អ្នកចូលមកដាក់ពាក្យ ត្រូវភ្ជាប់មកជាមួយនូវបណ្ណសម្គាល់អតីតបុគ្គលិក VOD នៅរៀងរាល់ថ្ងៃធ្វើការ ពេលព្រឹក ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច តាមរយៈអាសយដ្ឋាន ផ្លូវវត្តអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។