ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីអបអរសាទរការដាក់ឲ្យដំណើរការភេសជ្ជៈកីឡារ វី អាកទីវ ដែលប្រពឹ្រត្តិទៅនៅសួន Vattanac Capital Lifestyle Park នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានអ្នកចូលរួមប្រមាណជិត ៣០០០នាក់។

នេះគឺជាលើកទី២ហើយដែលមានការរៀបចំកីឡាររត់ប្រណាំងបណ្តាក់ជាក្រុមនេះ ។ កម្មវិធីនេះបាននាំមកនូវបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមក គួបផ្សំជាមួយទីតាំងរត់ដ៏ល្អឥតខ្ចះនៃទិដ្ឋភាពនាកណ្ដាលទីក្រុងភ្នំពេញ នៅជាប់នឹងអគារ Vattanac ដ៏ខ្ពស់ស្កឹមស្កៃផ្ទាល់ ក្រោមពាក្យស្លោក «ជីវិតកាន់តែរីករាយ កាន់តែរស់រវើក ជាមួយ វី អាកទីវ»។
សំឡេងហោរកញ្ជៀវរបស់អ្នកគាំទ្រជាច្រើនរូបដែលធ្វើឲ្យមានការចាប់អារម្មណ៍ និងទាក់ទាញអ្នកចូលរួមប្រមាណ៣០០០នាក់មកពីគ្រប់ទិសទិ រួមមាន អ្នកឧកញ៉ា សំអាង អ្នកឧកញ៉ា ឈុន លាង ស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈគ្រុប ឧកញ៉ា សំអាង វឌ្ឍនៈ ឯកឧត្ដម លោកជំទាវ រួមទាំងសិល្បៈករ សិល្បការី ក្រុមអត្តពលិក ក្រុមការងារយុទ្ធនាការ Beyond The Games ព្រមទាំងមហាជនទូទៅជាច្រើន រត់បណ្តាក់គ្នាដោយផ្ដើមចេញពីអគារវឌ្ឍនៈ កាពីតាល ដោយរត់បណ្តាក់ចម្ងាយ១៩គីឡូម៉ែត្រ និងរត់ ឬដើរចម្ងាយ ៥គីឡូម៉ែត្រ ។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានវត្តមានចូលរួមរត់ក្នុងព្រឹត្តការណ៍នេះផងដែរបានប្រសាសន៍ថា «ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំព្រឹត្តការណ៍នេះឡើង ដែលកីឡាដើម្បីសុខភាពនេះ មានការរៀបចំប្លែកពីគេ ដោយរត់បណ្ដាក់គ្នា ។
ជាមួយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលរត់បណ្ដាក់គ្នា ព្រោះរត់ដើម្បីសុខភាព រត់ដើម្បីមិត្តភាព រត់ក្រោមដំបូលសន្តិភាព ដោយមិនធ្វើការរត់យកចាញ់ឈ្នះទេ។ ឧកញ៉ា វឌ្ឍនៈបានបន្ថែមថា កីឡាករ កីឡាការិនីដែលចូលរួមក៏មិនបានហ្វឹកហាត់ការរត់ពីមុនមកដែរ។

កម្មវិធីនេះបានរកឃើញក្រុមដែលប្រើរយៈពេលលឿនជាងគេចំនួន៣ក្រុម ដែលក្រុមទទួលបានជ័យជំនះលេខមួយប្រើរយៈពេលត្រឹម១ម៉ោង ៥នាទីនិង៥៣វិនាទី លេខ២ប្រើរយៈពេល ១ម៉ោង ៦នាទី និង២០វិនាទី និងលេខ៣ ប្រើរយៈពេល១ម៉ោង ៦នាទីនិង២៨វិនាទី ក្នុងនោះក្រុមលេខ១ទទួលបានប្រាក់លើកទឹកចិត្ត ចំនួន២លានរៀល មេដាយមាស និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៧កេស ក្រុមទី២ ទទួលបាន១លានរៀល មេដាយប្រាក់ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៥កេស និងលេខ៣ ទទួលបានប្រាក់លើកទឹកចិត្តចំនួន៥០ ម៉ឺនរៀល មេដាយសម្រឹតសម្រាប់រាល់សមាជិកក្រុមទាំងអស់ និងភេសជ្ជៈកីឡា វី-អាកទីវ ចំនួន ៣កេសពីអ្នកឧកញ៉ា ឈុន លាង។

ព្រឹត្តការណ៍រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run នេះបានបង្ហាញពីឆន្ទៈរបស់ វឌ្ឍនៈ ប្រ៊ូវើរី ក្នុងការលើកស្ទួយ សុខភាព និងសុខមាលភាពសង្គម។ ការជ្រើសរើសការរត់ ឫដើរសម្រាប់កម្មវិធីនេះព្រោះវាគឺជាសកម្មភាពកីឡាដែលមានភាពងាយស្រួល ងាយអនុវត្តបំផុត មិនទាមទារសម្ភារបរិក្ខារ និងមាន លក្ខណៈធម្មជាតិ។
វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕


