សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ជំរុញឱ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈដូនតា ដល់និស្សិតក្រីក្រជិត ២លាននាក់ដោយនិស្សិតមានជំនាញផ្ទាល់ខ្លួន ដែលឈានទៅដល់ការមានការងារធ្វើសម្បូរបែប។ ការជំរុញរបស់សម្តេចតេជោដូចនេះបានធ្វើឡើង ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ការជំរុញឱ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈមរតកដូនតា ឬ វិជ្ជាជីវៈដូនតានេះ គឺក្នុងបំណងដើម្បីឱ្យនិស្សិតងាយរកការងារធ្វើនិងធ្វើឱ្យពលរដ្ឋខ្មែរមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីបម្រើឱ្យការអភិវឌ្ឍកាន់តែលឿន ហើយឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចបានស្នើឱ្យលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យលទ្ធភាពមើលថា តើមានសាលាប៉ុន្មានដែលកំពុងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលសម្ដេចកំពុងដាក់ចេញនិងជំរុញនេះ ដោយធ្វើការលើកទឹកចិត្តដល់សាលាទាំងនោះឱ្យបន្តការបណ្ដុះបណ្ដាលទៅទៀត។
សម្រាប់និស្សិត១លាន ៥សែននាក់នេះ សម្ដេចបានបែងចែកឱ្យរៀនវិជ្ជាជីវៈដូនតា ចន្លោះពី ២%ទៅ៤% មានរៀនដូចជា តម្បាញ ចម្លាក់ គំនូរ ស្មូន។ល។ដោយត្រូវពង្រាយសិស្ស និស្សិត មួយផ្នែកតាមសាលារដ្ឋដែលទទួលបន្ទុកមើលការខុសត្រូវដោយ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសម្រាប់ផ្នែកមរតដូនតា គ្រប់គ្រងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
សូមជម្រាបថា ក្នុងការជំរុញលើការបណ្ដុះបណ្ដាលនេះរដ្ឋាភិបាលបានឧបត្ថម្ភដល់អង្គការចំនួន៥ ដែលអង្គការនេះទទួលបន្ទុកមើលការខុសត្រូវសិស្សដែលត្រូវបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយឥតបង់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភជារៀងរាល់ខែទៀត ក្នុងនោះមានអង្គការអាស៊ីអឺរ៉ុប អង្គការសម្ព័ន្ធខ្មែរជំនាន់ថ្មី អង្គការសហព័ន្ធអ៊ឺរ៉ុប អង្គការវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ និងអង្គការអភិវឌ្ឍន៍ធនធានមនុស្ស ៕