កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការស្រូបយកឧស្សាហកម្ម ក្នុងវិស័យយានយន្ត និងអេឡិចត្រូនិច ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលផលិតយានយន្ត និងបរិក្ខារអេឡិចត្រូនិក ស្របគ្នាដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចកម្ពុជា កាលពីពេលថ្មីៗនេះ។ នេះបើតាមការលើកឡើង របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាមួយនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាជោគជ័យថ្មីមួយទៀតនៃការ ដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងការប្រែក្លាយមូលដ្ឋានឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មបែបអតិពលកម្ម ទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។ ជំនឿទុកចិត្តរបស់ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន ក្នុងការសម្រេចចិត្តធ្វើការវិនិយោគនៅកម្ពុជា គឺជាតឹកតាងមិនអាចប្រកែកបាននៃដំណើរទៅមុខប្រកបដោយក្តីសង្ឃឹមនៃការអភិវឌ្ឍ ក៏ដូចជាគុណតម្លៃនៃកត្តាសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវវិនិយោគិន និងធុរជនទាំងក្នុង និងក្រៅស្រុក បន្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដោយនឹងទទួលបាននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញបំផុត តាមរយៈច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី។

គួរបញ្ជាក់ថា ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (Meko Intelligence Cambodia) ដែលបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនេះ មានទំហំដើមទុនសរុបប្រមាណ ៣២ លានដុល្លារអាមេរិក។ វត្តមានរបស់រោងចក្រនេះ គឺបន្ថែមលើរោងចក្រ-សហគ្រាសចំនួនជាង ២០០ ក្នុងទូទាំងខេត្តតាកែវ ។ រោងចក្រដ៏ថ្មីសន្លាងនេះ នឹងជួយជំរុញនូវសក្តានុពលរបស់ខេត្ត ក្នុងការស្រូបយកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ឧស្សាហកម្មគ្រឿងអេឡិចត្រូនិកជាដើម។
ស្របជាមួយគ្នានេះ រោងចក្រទាំងអស់ក្នុងខេត្ត បាននិងកំពុងបង្កើតការងារជូនដល់កម្មករ-និយោជិតចំនួនជិតប្រមាណ ៧ ម៉ឺននាក់ និងមានប្រាក់ឈ្នួលសរុបប្រមាណ ២២៦ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយនេះគឺជាវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលដល់ប្រជាជនតាមមូលដ្ឋាន និងការចូលរួមក្នុងកិច្ចការសង្គមនានា៕


