នៅរសៀលថ្ងៃទី២០ ខែកុម្ភៈនេះ ស្ថិតនៅវិមានសន្តិភាព សម្ដេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយលោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មី។ ក្នុងជំនួបនោះលោក Park Jung Wook បានជម្រាបសម្តេចតេជោថា លោកបានសិក្សាស្វែងយល់ពីសកម្មភាពរបស់សម្តេចតេជោ ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងប្រទេសទាំងពីរ។
លោក Park Jung Wook បានបន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ ទោះបីមានការរាតត្បាតនូវជំងឺកូវីដ១៩យ៉ាងណាក្តី។ ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងដល់ ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។ បន្ថែមពីលើនោះ កូរ៉េខាងត្បូង ជាប្រទេសឈរចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជា។ ជាពិសេស ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។
លោកបានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍ (ODA) ច្រើនជាងគេ ហើយជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រ នឹងជួយកម្ពុជាក្នុងការធ្វើដំណើរ ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងក៏ដូចជាការប្តេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ស្របចំពោះការវាយតម្លៃលើភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំពីរ ពីសំណាក់លោកឯកអគ្គរដ្ឋទូត។
ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានជួយកម្ពុជា ទោះបីកំពុងស្ថិតក្នុងការរាតត្បាតនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនបិទការហោះហើរត្រង់មកកាន់កម្ពុជាឡើយ។ នេះជាការបង្ហាញឱ្យឃើញថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនប្តូរឥរិយាបថចំពោះកម្ពុជានោះឡើយ។
លើសពីនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានអនុញ្ញាតឱ្យពលករកម្ពុជា ធ្វើការនៅកូរ៉េ ទទួលបានប្រាក់ឈ្នួល និងជំនាញត្រឡប់មកកម្ពុជាវិញ ក៏ដូចជាការផ្តល់ជំនួយសម្រាប់សង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងរាជធានីភ្នំពេញ៕