អ្នកជំនាញ​ អះ​អាង​ថា វិស័យ​អច​លន​ទ្រ​ព្យក​ម្ពុជា នៅ​តែមាន​ឱកា​ស​សម្រាប់​អ្នក​វិនិ​យោគ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកជំនាញដែលធ្វើការពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ​វិបត្តិ​ជំងឺឆ្លង Covid-19 បានកំពុងធ្វើឲ្យវិស័យ​អចលនទ្រព្យ​នៅក្នុង​អំឡុងពេល៣ ទៅ៤ខែ​ចុង​ក្រោយនេះ បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងច្រើន។ទោះបីជាបែបនេះក្តី អ្នកជំនាញយល់ថា វិស័យ​អចលនទ្រព្យកម្ពុជា នៅតែមាន​ឱកាសសម្រាប់អ្នកវិនិយោគ​បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក ច្រឹ​ក សុខ​នី​ម បានថ្លែងតាមរយៈបទសម្ភាសន៍កាលចុងសប្តាស៍នេះថា កម្ពុជា​គឺជា​ប្រទេសមួយ​នៅក្នុង​តំបន់​អាស៊ាន ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺឆ្លង Covid-19 ប៉ុន្តែ​ត្រូវបាន​រាជរដ្ឋាភិបាល​រៀបចំ​យុទ្ធសាស្ត្រ និង​វិធានការ​នានា​ដើម្បី​ទប់ទល់ ដែលជា​លទ្ធផល​យើង​ទទួលបាន​ភាពល្អប្រសើរ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក។

លោកបញ្ជាក់ថា ក្នុងពេល​ដែលកម្ពុជាប្រឈម​នឹង​ជំងឺឆ្លង​មួយ​នេះ បានផ្តល់​ផលប៉ះ​ពាល់​ជាច្រើន​ដល់​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា ដូចជា​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន ក៏ដូចជា​អ្នកទិញ​អចលនទ្រព្យ​ជារួម​ផងដែរ។ប៉ុន្តែ លោកបានអះអាងថា ដោយសារតែ​កម្ពុជា ជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ដូច្នេះ​សម្រាប់​វិស័យ​អចលនទ្រព្យ បើ​ធ្វើការ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់ អ្នកវិនិយោគ​នៅតែមាន​ឱកាស ដោយសារតែ​តម្លៃ​នៅ​ទាប​ជាងគេ និង​មាន​វិសាលភាព​ធំធេង​នៅឡើយ ហើយក៏​នៅតែមាន​សក្ដានុពល​ក្នុង​ការទិញ-លក់​ផងដែរ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏បានគូសបញ្ជាក់ទៀតថា ​សម្រាប់​ការទទួលបាន​លទ្ធផល​ល្អ ពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ Covid-19 នៅពេល​បច្ចុប្បន្ន កម្ពុជា​អាច​នឹងមាន​ចរន្ត​ទិញ-លក់​ក្នុងស្រុក​ឡើងវិញ​បន្តិចម្ដងៗ ទៅតាម​យន្តការ​នៃ​កិច្ចការងារ​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ៕ អត្ថបទ៖ សិរីការ