សម្ដេចតេជោ ប្រាប់ជនបរទេសទាំងឡាយ កុំឱ្យលូកដៃរឿងវិទ្យុ VOD ព្រោះជាកិច្ចការផ្ទៃក្នុងកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ជនបរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ពិសេសរឿងវិទ្យុ VOD ព្រោះវិទ្យុនេះ គ្មានថ្ងៃរស់ឡើងវិញឡើយ។នេះបើតាមប្រសាសន៍របស់សម្តេច ក្នុពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ១ ៩៤៦នាក់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដល់ជនបរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយមិនបានដឹងរឿងពិតជាក់ស្តែង។ សម្តេចបញ្ជាក់ថា៖ «បើបរទេសជួយបានមែន ម្ល៉េះអាគណបក្សដែលងាប់ទៅយូរហើយ វារស់ឡើងវិញបាត់ទៅហើយ កុំថាឡើយអាវិទ្យុតូចតាចនេះ»

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖« តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ?បានជានៅស្ងៀមស្ងាត់ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរ ជាមួយរាជរដ្ឋាភិបាលតទៅទៀត»។

ជាងនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា ការបិទVODជាការពង្រឹងក្រមសីលធម៌  វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានកម្ពុជា ហើយក៏សូមកុំគិតថា VODអាចរស់ឡើងវិញឱ្យសោះ។

គួរបញ្ជាក់ដែរថា ការប្រកាសប្រាប់ជនបរទេសទាំងឡាយ សូមកុំលូកដៃរឿងវិទ្យុ VOD គឺធ្វើឡើងបន្ទាប់ពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣  បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយ របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី៕