អាជ្ញាធរខេត្តពោធិ៍សាត់ នឹងបន្ថែមរូបដំរីចំនួន៥០០ ថែមទៀតនៅរង្វង់មូលដំរី៥ ដែលមានទីតាំងប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ។ ក្រោយបន្ថែមរួចរង្វង់មូលនេះនឹងក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ»។
អាជ្ញាធរខេត្តពោធិ៍សាត់ បានឲ្យដឹងថារង្វង់មូលនេះ ធ្វើឡើងសម្រាប់ជានិម្មិតរូបរបស់ស្រុកវាលវែងហើយក៏ទុកជាទីសក្ការៈបូជា និងតំណាងឲ្យ ១) ភាពត្រជាក់ត្រជំ (តំណាងទឹកភ្លៀង ជួយដល់ផលដំណាំ…)។ ២) ភាពសាមគ្គីរឹងមាំ (តំណាងសាមគ្គី១០ ជ័យជម្នះ១០…)។ ៣) ភាពស្មោះត្រង់ការពារ (តំណាងភាពស្មោះស្ម័គ្រការពារបូរណភាពទឹកដីមិនឲ្យមានការបាត់បង់ទឹកដីបន្ថែមទៀត…។
អាជ្ញាធរខេត្តពោធិ៍សាត់ ក៏បានអំពាវនាវដល់សារធារណៈជនទាំងអស់ ជួយចូលរួមកសាងរូបដំរី៥០០នេះ សម្រាប់ជាតំបន់ទេសចរណ៍និងប្រវត្តិសាស្រ្ត សម្រាប់ទឹកដីជាប់ព្រំដែនមួយនេះ៕