ឆេកគី (Checki) និង ប្រោន (Brown) គឺជាសត្វសុនខរបស់កម្ពុជា ដំបូងដែលចេញបេសសកម្មជាមួយកងកម្ទេចគ្រឿងផ្ទុះ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដើម្បីចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សុនខហិតមីនចំនួន ២ក្បាលនេះ បានធ្វើដំណើរតាមយន្តហោះរួមជាមួយកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន៩៨នាក់ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
សុនខឈ្មោះ Checki កើតក្នុងឆ្នាំ២០១៩ មានសម្បុរពណ៌ត្នោត ទំងន់២៧,៥៤គីឡូក្រាម រីឯសុនខឈ្មោះ Brown កើតនៅក្នុងឆ្នាំ២០២១ មានសម្បុរពណ៌ត្នោត ទំងន់២៧,២គីឡូក្រាម ។ សុនខទាំងក្បាលនេះ ជាសុនខស្ថិតក្រោមការមើលថែ និងបង្វឹកជំនាញ ដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
នៅក្នុងពិធីជូនដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងគ្រោះដោយសារភ្លើងសង្គ្រាម ដើម្បីស្តារនីតិសម្បទាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារី ជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាព នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ៕