ស្ថិតក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រកដប្រជា សម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្នុងឆ្នាំ២០២៣នេះត្រូវបានមន្ត្រីជំនាញជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា មើលឃើញថាអាចមានស្ថានភាពល្អជាងឆ្នាំមុនដោយសារថ្លៃប្រេងក៏ដូចជាអតិផរណាកំពុងបង្ហាញថាមាននិន្នការល្អ។
ឧបការីទេសាភិបាល និងជាអគ្គនាយក បច្ចេកទេសធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី ប្រាប់ក្រុមអ្នកសារព័ត៌មាន នាពេលថ្មីៗនេះថា«ស្ថានភាពវិស័យហិរញ្ញវត្ថុមកដល់ដើមឆ្នាំ២០២៣នេះយើងគិតថាអាចនិងល្អប្រសើរ ប្រហាក់ប្រហែលឆ្នាំមុន ឬល្អជាងពេលមុន ដោយសារស្ថានភាពថ្លៃប្រេងនៅលើទីផ្សារ អតិផរណាផ្សេងៗកំពុងមាននិន្នាការល្អ តែទោះយ៉ាងណាយើងនៅប្រឈមភាពមិនច្បាស់លាស់ច្រើនដូចជា សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីនេះ»។
លោកស្រីលើកឡើងថា «យើងមិនដឹងថាមានការវិវឌ្ឍបែបណាទៀត ហើយណាមួយទៀតលក៏មានការគំរាមកំហែងសម្រាប់ប្រទេសនៅអាស៊ី អីចឹងការងារនេះសុទ្ធតែជាចំណុចដែលយើងត្រូវតាមដានជាបន្តបន្ទាប់ ។ បើសិនយើងត្រូវរងហានិភ័យអ្វីពីការវិវត្តក្រៅប្រទេសទាំងអស់នោះ ធានាហានិភ័យដែលយើងទទួលនោះវាតិចតូចអាចឱ្យយើងទទួលយកបាន»។
ពាក់ព័ន្ធនិងស្ថានភាពហិរញ្ញវត្ថុនេះ បើផ្អែកតាមទស្សនវិស័យ និងទិសដៅរបស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា ស្ថិតក្នុងដំណាក់កាលនៃការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ប្រព័ន្ធធនាគារត្រូវបានរំពឹងថានឹងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រកំណើនវិស័យសំខាន់ៗនៃសេដ្ឋកិច្ច តាមរយៈការផ្តល់ហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុនានា ដោយឥណទាន ត្រូវបានរំពឹងថានឹងមានកំណើនក្នុងអត្រា ២២% គួបផ្សំនឹងការបន្តអនុវត្តវិធានការគាំទ្រដទៃទៀត។
យោងតាមសមាគមធនាគារនៅកម្ពុជាធ្លាប់បង្ហាញថា ប្រព័ន្ធធនាគារហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅកាន់វិស័យសេដ្ឋកិច្ច ជាមួយកំណើន ២១% ប្រមាណជា ៥៦ ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើអតិថិជនកើនជាង ១១% ឬប្រមាណជាង ៤៤ប៊ីលានដុល្លារអាមេរិក។ ចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនពី ១២,៧លាន ដល់ ១៤,៣លានគណនី និងគណនីឥណទានអតិថិជនពី ៣,៤លាន ដល់ ៣,៧លានគណនី។
ដោយឡែកបើសិនជាគិតតែគ្រឹះស្ថានធនាគារតែឯង ឥណទានទៅកាន់វិស័យសេដ្ឋកិច្ច មានកំណើន ១៩% ប្រមាណជា ៤៦ ប៊ីលានដុល្លារអាមេរិកនៅដំណាច់ឆ្នាំ២០២២, ប្រាក់បញ្ញើអតិថិជនកើនជិត ១០% ឬប្រមាណជាង ៣៨ប៊ីលានដុល្លារអាមេរិក៕ អត្ថបទ៖សារេត