តើការងារ​ស្ថាប​នា​ផ្លូវជាតិ​លេខ​៥ ឲ្យ​ក្លាយជាផ្លូវ​អាស៊ាន​ហា​យ​​វេលេ​ខ១ ​ស​ម្រេច​បាន​​អ្វី​ខ្លះ?

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសារធាររណការ និងដឹកជញ្ជូន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ២៩​ខែ មេសា នេះថា វឌ្ឍនភាពនៃគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ភាគខាងជើងសម្រេចបានជាង៨០ % ភាគកណ្ដាលសម្រេចបានជិត១៥% និងភាគខាងត្បូងសម្រេចបានជាង ២៣% គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសារធាររណការ និងដឹកជញ្ជូន បានបញ្ជាក់ថា វឌ្ឍនភាពនៃការអនុវត្តគ​ម្រោង​ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង  (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ត្រូវបានសម្ពោធបើកការ​ដ្ឋានសាងសង់កាល​ពីថ្ងៃទី២៦ មីនា ២០១៨ ដែលការស្ថាបនាមាន រយៈពេល៣៦ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្រេចបានជាង ៨០%ហើយ។

បន្ថែមពីនេះ បច្ចុប្បន្នការអនុវត្តការងារស្ថាបនាបាននឹងកំពុង​ធ្វើការក្រាលកៅស៊ូជាន់​ទី២ នៅលើទីតាំងមួយចំនួន និងទីតាំងមួយចំនួនទៀតបានបើកឱ្យប្រជាពល​រដ្ឋធ្វើ​ដំណើរជាបណ្តោះអាសន្នដើម្បីសម្រួលដល់ចរាចរណ៍ឆ្លងកាត់។ 

ចំណែកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលចាប់ពីធ្លា​ម្អម ដល់ បាត់ដំបង មានប្រវែងសរុប១៤៦,០៤ គីឡូម៉ែត្រ ទទឹងប្រវែង២៣ម៉ែត្រ ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ គ្រោងរយៈពេលស្ថាបនា  ប្រមាណ៤២ខែ គិតត្រឹមថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២០នេះសម្រេចបានជិត ១៥% ហើយ។

ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង  ចាប់ពីព្រែក​ក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) មានប្រវែងសរុប១៣៥,២៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន០៣រួមមាន៖ ខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ ខេត្តកំ​ពង់ឆ្នាំងប្រវែង ៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូAC  ចែកជា២គន្លងទៅ២គន្លងមក គ្រោង រយៈពេលសាង​សង់ចំ​នួន៤៨ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្រេចបានជាង២៣%ហើយ។

គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ហើយការងារស្ថាប​នាត្រូវបានបែងចែក ជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង  ផ្នែកកណ្តាល និងផ្នែក​ខាងត្បូង ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួរ ច្បារចំកណ្តាល៕ អត្ថបទ៖ សិរីការ