កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួមជាអធិបតីភាពប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ ស្ថិតក្នុងក្រុងដូនកែវ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងក្នុងឪកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការតែងតាំងមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ដែលបានធ្វើឡើង គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃ ក៏ដូចជាការពិគ្រោះយោបល់យ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព»។
បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាទស្សនៈ និងបទពិសោធន៍ផ្ទាល់ខ្លួន ការវាយតម្លៃដើម្បីប្រគល់តួនាទី និងភារកិច្ចនីមួយៗនៅក្នុងអង្គភាពត្រូវឈរលើមូលដ្ឋាននៃគោលការណ៍ ៣ ដែលជាកាតាលីករជួយជំរុញឱ្យការចម្រាញ់ធនធានមនុស្សកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៖
ទី១. គោលការណ៍យុត្តិធម៌៖ សំដៅទៅលើការផ្តល់អាទិភាពដល់អ្នកដែលមានឆន្ទៈ, សមត្ថភាព, ភាពជាអ្នកដឹកនាំ, ការទទួលខុសត្រូវ, អតីតភាពការងារនៅក្នុងអង្គភាពផ្ទាល់, ចំណេះដឹង, បទពិសោធន៍, សីលធម៌, សុខភាព, ភាពតស៊ូ អំណត់ព្យាយាម, ក៏ដូចជាលទ្ធភាពនៃការជំរុញនិរន្តរភាពការងារក្នុងអង្គភាព ជាដើម ។ល។
ទី២. គោលការណ៍តម្លាភាព៖ សំដៅលើការគោរពមតិយោបល់ជាសមូហភាព និងតាមឋានានុក្រម ដើម្បីធានាបានការឯកភាព និងលទ្ធផលដែលទទួលបានការសំយោគគ្រប់ជ្រុងជ្រោយ និងពីគ្រប់ជាន់ថ្នាក់ និងទី៣. គោលការណ៍តម្កល់ផលប្រយោជន៍អង្គភាពជាធំ៖ សំដៅធ្វើយ៉ាងណាឱ្យរាល់ការប្រគល់តួនាទីក្នុងករណីនីមួយៗ អាចរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ប្រសិទ្ធភាពការងារខ្ពស់ និងការលើកតម្កើងកិត្យានុភាពសមូហភាព។
សូមជម្រាបជូនថា បណ្ឌិត ហ៊ុន ម៉ាណែត បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស និងជាជនជាតិខ្មែរដំបូងគេ ដែលបានចូលរៀនសាលាបណ្ឌិតយោធាអាមេរិក West Point ក្រោយពីបញ្ចប់ការសិក្សាលោកបណ្ឌិតបានយកចំណេះដឹងដែលចេះពីការសិក្សាយកមកអនុវត្តនៅកម្ពុជា ដោយធ្លាប់បានគូសបញ្ជាក់ថា៖ «ទ្រឹស្តី និងជំនាញ ជាមូលដ្ឋាននៃការគ្រប់គ្រង និងដឹកនាំយោធាមួយចំនួន ប៉ុន្តែការងារជាក់ស្តែងគឺសំខាន់ដោយវាបានបង្រៀនយើងក្នុងការអនុវត្តការងារ»៕