ឥណ្ឌា រំពឹងថាទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជានឹងកើនឡើងលើស២៥០លានដុល្លារអាមេរិកនៅឆ្នាំ២០២៣នេះ

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បង្ហាញក្តីរំពឹងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌានៅឆ្នាំ២០២៣នេះនឹងបន្តកើនឡើងថែមទៀត ពោលទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងកើនឡើងលើស២៥០លានដុល្លារអាមេរិក ក្នុង២០២២ផ្អែកទៅលើទំនាក់ទំនងនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងនៅក្នុងកម្មវិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានវិទ្យា ព.ស.ស.កាលថ្ងៃទី២១កុម្ភៈឆ្នាំ២០២៣នេះថា «ផ្អែកទៅលើទំនាក់ទំនងនៃប្រទេសទាំងពីកម្ពុជាឥណ្ឌា នៅពេលកន្លងមកក៏ដូចនាពេលបច្ចុប្បន្ននេះឃើញថាទំនាក់ទំនង់សេដ្ឋកិច្ចនិងពាណិជ្ជកម្មពិតជាមានភាពរីកលូតលាស់។ ជាក់ស្តែងទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២កន្លងទៅនេះមានប្រមាណ២៥០លានដុល្លារអាមេរិក»។

លោកស្រី Devyani Khobragade

លោកស្រីបន្តថា សេដ្ឋកិច្ចកម្ពុជានិងឥណ្ឌាយើងឃើញថាមានការកើនឡើងជាបន្តបន្ទាប់ ហើយក្រុមហ៊ុនឥណ្ឌាដែលបានចូលមករកស៊ីនៅកម្ពុជាមានប្រហែល៥០ក្រុមហ៊ុនដែលបានចុះបញ្ជីនៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ហើយប្រសិនបើមានការទំនាក់ទំនងផ្សារភ្ជាប់នៅការកសាងផ្លូវនោះនឹងធ្វើឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានការកើនឡើងថែមទៀតនៅពេលខាងមុខនេះ។

ពាក់ព័ន្ធនិងការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងឥណ្ឌានៅក្នុងខែមករាឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផលិតផលទៅប្រទេសឥណ្ឌាមានទំហំទឹកប្រាក់ប្រមាណ២២លានដុល្លារអាមេរិកហើយខាងភាគីឥណ្ឌានាំចូលមកវិញមានទឹកប្រាកប្រមាណ១៥លានដុល្លារអាមេរិក។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មើលឃើញថាទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងឥណ្ឌាទំហំទឹកប្រាក់នៅមានកម្រិតនៅឡើយ។ ដូច្នេះ ខ្ញុំសង្ឃឹមថាស្ថានទូតឥណ្ឌា រួមននិងថ្នាក់ដឹកនាំរបស់គាត់ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លំាងដោយសារគោលដៅរបស់យើង(ក្រសួងពាណិជ្ជកកម្មនិងសភាពាណិជ្ជកម្ម) ស្មើសុំឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងឥណ្ឌា។

ឧកញ៉ា លឹម ហេង

លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា«ទៅថ្ងៃអនាគត់ទាក់ទងនិងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌានឹងកាន់តែប្រសើរឡើង។ ប្រសិនយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា ដោយសារឥណ្ឌាជាទីផ្សារធំមួយមិនជាចាញ់ទីផ្សារប្រទេសចិនប៉ុន្មានទេ។ខ្ញុំគិតថានេះជាចំណុចល្អហើយចំពោះការនាំចូលរបស់ឥណ្ឌាកន្លងមកភាគច្រើនទៅសម្ភារៈសុខាភិបាល ថ្នាំពេទ្យ និងបច្ចេកវិទ្យាមួយចំនួនផ្សេងទៀតពីឥណ្ឌាហើយកម្ពុជានាំចេញទៅវិញមានដូចជាផលិតកសិកម្ម ផលិតផលក្នុងវិស័យវាយនភណ្ឌនិងគ្រឿងបង្គំមួយចំនួនផងដែរ»៕ អត្ថបទ៖សារេត