លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់គណៈប្រតិភូនៃខេត្តហាយណាន របស់ចិន សិក្សាអំពីកសិផលដែលខ្លួនត្រូវការ ហើយក្រសួងកសិកម្មកម្ពុជា នឹងជួយសហការធ្វើយ៉ាងណាជំរុញ និងជ្រោមជ្រែងការផលិតកសិផលទាំងនោះ ស្របទៅតាមស្តង់ដារកំណត់ សម្រាប់បម្រើដល់ការនាំចេញ។

ការជំរុញរបស់លោករដ្ឋមន្ត្រីដូចនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក SHEN Danyang អភិបាលរងខេត្តហាយណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ជាមួយគ្នានេះ លោក ឌិត ទីណា លើកឡើងថា ផែនការជំនួញ (Business Plan) ជាក់លាក់ និងទីផ្សារពិតប្រាកដ គឺជាគន្លឹះជោគជ័យនៃកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងកម្ពុជានិងចិន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយទាំងបច្ចេកទេស និងនីតិវិធីផ្សេងៗ ដើម្បីសម្រួលដល់ដំណើរការរបស់គម្រោង ដើម្បីឱ្យកើតចេញជារូបរាងឡើង និងទទួលបានផលចំណេញសម្រាប់គ្រប់ភាគីទាំងអស់។

លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម រវាងខេត្តហាយណាន និងក្រសួងកសិកម្មកម្ពុជានាពេលកន្លងមក។ តាមរយៈជំនួបនេះលោករដ្ឋមន្ដ្រី ក៏រំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តដំណើរទៅមុខយ៉ាងរលូន ហើយឈានទៅជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងចិន នៅក្នុងវិស័យកសិកម្ម។
គួរបញ្ជាក់ថា ជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូនៃខេត្តហាយណាន របស់ចិន គឺក្នុងគោលបំណងដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញ ការនាំចេញ កសិផល ដូចជា៖ ផ្លែដូង ផ្លែចេកស្រស់ ម្សៅដំឡូងមី កៅស៊ូ និងម្រេច ពីកម្ពុជាទៅកាន់ប្រទេសចិន ជាពិសេសខេត្តហាយណាន៕

