អភិបាលរងខេត្តហៃណានលោក SHEN Danyang នៃសាធារណរដ្ឋប្រជាមានិតចិន ថ្លែងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ហៃណាន) ថ្មីៗនេះថា ហៃណានជាខេត្តដែលមានសក្តានុពលនិង មាននូវប្រវត្តិដ៏ស្រស់ត្រកាលជាមួយភាពយុត្តិធម៌ និងសមភាព ព្រមទាំងមានទីតាំងភូមិសាស្រ្ត និងមានភាពអំណោយផលផ្នែកទេសចរណ៍ កសិកម្ម និងបច្ចេកទេសឧស្សាហកម្ម។
លោក SHEN Danyang ថា បើក្រលេកមើលពីកាលានុវត្តភាពនៅខេត្តហៃណាននាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ លោកស៊ី ជីនភីង ប្រធានាធិបតីចិន បានធ្វើការកែសម្រួលគោលនយោបាយអនុគ្រោះពន្ធ ការវិនិយោគ ជាពិសេសការកសាងនូវកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ អ្វីដែលពិសេស ការពង្រីកទំនាក់ទំនងជាមួយកម្ពុជា បន្ទាប់ពីបើកប្រទេសឡើងវិញនាពេលថ្មីៗនេះ នឹងជំរុញឱ្យទំហំពាណិជ្ជកម្មសម្រាប់ការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងបច្ចុប្បន្នខេត្តហៃណានកំពុងនាំចូលផ្លែចេកស្រស់ និងម្រេចពីកម្ពុជា។
លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មលើកឡើងថា ការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ស្របទៅតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវរបស់គោលនយោបាយចិន ក្នុងការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ជាក់ស្តែង ការកសាងច្រករបៀងមច្ឆាជាតិ និងជម្រុកស្រូវនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ត្រូវការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនស្របតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីតភ្ជាប់រវាងប្រទេសជាច្រើនក្នុងតំបន់ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម (ការដឹកជញ្ជូនទំនិញ)។ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាមួយកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងបន្តការសហការជួយគ្នាដើម្បីជំរុញសម្រេចទិសដៅតែមួយ ក្នុងការតភ្ជាប់ទំនាក់ទំនង ក៏ដូចជាបើកទីផ្សារចូលទៅកាន់តំបន់អាស៊ាន និងពិភពលោកផងដែរ។
លោកបញ្ជាក់ថា«សក្តានុពលនៃគម្រោងបង្កើតកំពង់ផែតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ ដែលស្របគ្នានឹងខេត្តហៃណានកំពុងតែសាងសង់នូវកំពង់ផែពាណិជ្ជកម្មសេរី នឹងជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត លើការអភិវឌ្ឍសេដ្ឋកិច្ច កិច្ចសម្រួលពាណិជ្ជកម្ម ការស្រូបយកការវិនិយោគពីបរទេស និងជំរុញវិស័យឧស្សាហកម្ម»។
បើតាមរដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា តាមរយៈវេទិកានេះប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការល្អជាបន្តបន្ទាប់ ដែលនាពេលខាងមុខដ៏ខ្លីនេះ នឹងមានអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា (ក្រសួងពាណិជ្ជកម្ម) និងចិន (ខេត្តហៃណាន) ជាជំហានដំបូង លើកិច្ចសហប្រតិបត្តិការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបើកច្រកទីផ្សារ និងទំនាក់ទំនងកាន់តែទូលំទូលាយ៕ អត្ថបទ៖សារេត