អ្នកជំនាញ ​ចែក​រំលែ​ក​គន្លឹះ​ដ៏​ឆ្លាត​វៃ ៥​ចំណុច​ ចំពោះ​​អ្នក​​ដែ​ល​ចង់​​ទិញ​ខុនដូ

សង្គម​ និង​សេដ្ឋកិច្ច

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក ច្រឹ​ក សុខ​នី​មបានលើកឡើងថា ថ្វីបើការរស់នៅក្នុងខុនដូជាបរិបទថ្មីសម្រាប់កម្ពុជាក៏ពិតមែន ប៉ុន្តែខុនដូបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងវិស័យលំនៅដ្ឋានបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះ បានអះអាងថា ប្រជាជនកម្ពុជាភាគច្រើន​ហាក់មិនទាន់បានស្វែងយល់ស៊ីជម្រៅនៅឡើយពីផលចំណេញនៃការ​រស់នៅក្នុងខុនដូ ឬអាចនិយាយបានថា ពួកគាត់នៅមានទំនោរច្រើនទៅលើលំនៅដ្ឋានក្នុងបុរី ឬ សង់ជាប់ផ្ទាល់ដី។ហេតុនេះ ដើម្បីឲ្យអ្នកដែលមាន បំណងចង់ទិញខុនដូ លោក ច្រឹក សុខនីម បានផ្តល់គន្លឹះដ៏ឆ្លាតវៃ៥ចំនុច ដល់អ្នកដែលចង់រស់នៅ ខុនដូរួមមាន៖

១. មានពេលវេលាច្រើនក្នុង​ការបំពេញ​ការ​ងារ

ការរស់នៅក្នុងខុនដូអាចជួយសន្សំពេលវេលាបានច្រើនសម្រា​ប់អ្នកដែលត្រូវការពេល​ច្រើនក្នុងការបំពេញការងារ។ សន្សំពេលវេលាគឺសំដៅដល់ភាពងាយ​ស្រួលក្នុងការ​ធ្វើដំណើរ និងការចំណាយពេលតិចបំផុតរវាងកន្លែងធ្វើការ និងកន្លែងរស់នៅ។ ប្រទេស​កម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ភាគច្រើននៃយុវជនក្នុងវ័យពី២៥ទៅ៤០​ឆ្នាំមានបំណងចង់ពង្រឹងសមត្ថភាព និងពង្រីកមុខជំនួញរបស់ពួក។ ការរស់ក្នុងតំបន់​កណ្ដាលទីក្រុងអាចជួយពួកគេឲ្យសម្រេចគោលដៅទាំងនេះបាន។

២. មិនរវល់ធ្វើការងារផ្ទះច្រើន

ជាធម្មតាយូនីតខុនដូមានទំហំតូចៗ និងមិនមានទីធ្លាខាងក្រៅដែលទាមទារ​ការសម្អាត​នោះទេ។ រស់នៅក្នុងខុនដូអ្នកនឹងចំណាយពេលតិចបំផុតសម្រាប់ការសំអាតទូទៅ។ ម្យ៉ាងទៀតអគារខុនដូជាច្រើនមានផ្ដល់សេវាសំអាត ទឹកស្អាត និងអគ្គិសនី។ ដូច្នេះ​អ្នកអាចមានពេលវេលាច្រើន សម្រាប់ខ្លួនឯង ឬធ្វើអ្វីមួយដែលអ្នកពេញចិត្ត។

៣. ប្រមូលផ្តុំដោយសេវាកម្មស​ម្បូរបែប

ខុនដូត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ជូននូវជីវិតរស់នៅទាន់សម័យ ភាពងាយ​ស្រួល​ និងមានផាសុកភាព។ ឆ្លើយតបនឹងចំណុចទាំងនេះ គម្រោងខុន​ដូបានភ្ជាប់មកជាមួយសេវាកម្មចម្រុះផ្សេងៗនៅក្នុងអគារស្រាប់ដើម្បីបំពេញទៅតាមតម្រូវការទូទៅរបស់ម្ចាស់លំនៅដ្ឋាន ដូចជា៖ កន្លែងហាត់ប្រាណ ស្ទីម សូណា ​អាងហែល​ទឹក និងប្រព័ន្ធការពារសន្តិសុខ​ ដូចជា៖ កាំមេរ៉ាសុវត្ថិភាព ប្រព័ន្ធប្រកាស​អាសន្ន និង សន្តិសុខ ដើម្បីផ្ដល់ទំនុកចិត្ត និងអារម្មណ៍មាន​សុវត្ថិភាពទៅដល់អ្នក​រស់នៅក្នុងអគារ​ទាំងមូល។

៤. ផ្ដល់អារម្មណ៍នៃការរស់នៅបែបសហគមន៍

ការរស់នៅមានអ្នកជិតខាងគឺពិតជាសំខាន់ខ្លាំងណាស់ ដោយសារពួកគេអាចជួយទុក​ធុរៈអ្នកបាន ពេលមានអាសន្ន ឧទាហរណ៍ប្រសិនបើអ្នកភ្លេចយកសោរមកតាមខ្លួន ពួកគេអាចជួយឲ្យអ្នកចូលទៅក្នុងអគារខុនដូបាន។ ម្យ៉ាងទៀតពួកគេក៏អាច​ក្លាយជា​មិត្តជិតស្និតរបស់ អ្នក ធ្វើសកម្មភាពផ្សេងៗជាមួយគ្នាដូចជា ញ៉ាំអាហារ និងជជែក​គ្នាលេង​នាចុងសប្ដាហ៍។ ការរស់នៅក្នុងខុនដូផ្ដល់ឳកាសឲ្យអ្នកអាចប្រាស្រ័យ​ទាក់ទង​ជាមួយអ្នកផ្សេងទៀតរស់នៅក្នុងអគារជាមួយគ្នា ដែលធ្វើឲ្យអ្នកមានអារម្មណ៍ដូចរស់​នៅក្នុងសហគមន៍មួយ។

៥. បង្កភាពងាយស្រួលច្រើនដោយសារមានទីតាំងល្អ

អគារខុនដូភាគច្រើនត្រូវបានសាងសង់នៅតំបន់កណ្តាលក្រុង ដែលបង្កភាពងាយ​ស្រួលគ្រប់​បែបយ៉ាង។ ក្នុងនោះដែរការធានាផ្តល់ជូននូវសេវាកម្មចាំបាច់​នានាជា​កត្តាសំខាន់ដែលអាចធ្វើឲ្យប្រាកដថាអ្នករស់នៅក្នុងខុនដូនឹងមិនចំណាយពេលច្រើនក្នុងការធ្វើដំណើរទៅកន្លែងធ្វើការ ហាងកាហ្វេ​ ឬសាលារៀន ជាដើម។ ជាក់ស្តែង ជុំវិញ​គម្រោង​ខុន​ដូនៅតំបន់កណ្តាលទីក្រុងភ្នំពេញ ឬក្រុងព្រះសីហនុតែងស្ថិតនៅ​ទីតាំង​ប្រមូល​ផ្តុំ ​ដោយសេវាកម្មសំខាន់ដូចជា៖ សាលារៀនជាតិ និងអន្តរជាតិ មន្ទីរពេទ្រ ស្ថាប័នរដ្ឋ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន ការិយាល័យ និងអគារពា​ណិជ្ជក​ម្មផ្សេងៗជាច្រើនទៀត៕ អត្ថបទ៖ សិរីការ