បើតាមរបាយការណ៍គយ និងរដ្ឋាករ នៅក្នុងខែមករា កន្លងមកនេះ ការនាំចេញផលិតផលសម្លៀកបំពាក់ បានធ្លាក់ជាង ៣០% ដែលការធ្លាក់ចុះគឺយើងដឹងទាំងអស់គ្នាហើយថា ស្ថានភាពពិភពទាំងមូលកំពុងមានបញ្ហា បានធ្វើឲ្យតម្រូវការថយចុះ។នេះបើយោងតាម អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លើកឡើងថាតែទោះបីយ៉ាងណា សម្រាប់ការនាំចេញទៅកាន់ទីផ្សារ កំពុងមានតម្រូវការច្រើន ក៏ដូចជាទីផ្សារកាណាដា ជប៉ុន និងអឺរ៉ុបជាដើម ។ ស្របពេលនេះដែរ ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា ក៏មានទិសដៅនាំចេញទៅកាន់ទីផ្សារតូចៗបន្ថែម ខណៈដែលទីផ្សារទាំងនោះកំពុងមាននិន្នការកើនឡើង ដើម្បីជួយគាំទ្រដល់ទីផ្សារ ដែលមានស្រាប់។
លោកបន្តថា នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ ការបញ្ជាទិញនៃទីផ្សារខាងក្រៅ មាននិន្នាការកើនឡើង ខណៈដែលកម្ពុជាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ បានល្អប្រសើរ ស្របពេលប្រទេសមួយចំនួនដូចជា នៅវៀតណាម ជំងឺកូវីដ-១៩ បានផ្ទុះឡើងជាបន្តបន្ទាប់ គូបផ្សំប្រទេសភូមាមានអស្ថិរភាពនយោបាយ និងមានការដកចេញនូវការបញ្ជាទិញមួយចំនួន គួបផ្សំស្ថានភាពនៅប្រទេសចិនផងដែរ ដូច្នេះធ្វើឲ្យការកម្ម៉ង់ទិញនៅឆ្នាំ ២០២១ រហូតដល់ចុងឆ្នាំ ២០២២ បានហូរចូលមកកម្ពុជាយ៉ាងច្រើន។
ជុំវិញការនាំចេញនៅក្នុងខែ មករា ឆ្នាំ ២០២៣ នេះ បើតាមរបាការណ៍គយ និងរដ្ឋាករបានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញសរុបមានចំនួនទឹកប្រាក់ប្រមាណជាង ១ ៥០០ លានដុល្លារ ថយចុះជិត ១៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ មានជាង ៣៥០ លានដុល្លារអាមេរិក ខណៈការនាំចេញនៅរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានទំហំទឹកប្រមាណជាង ៥២០ លានដុល្លារអាមេរិក។
ពាក់ព័ន្ធនិងវិស័យកាត់ដេរនេះដែរ បើយោងតាមលោក អាត់ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាធ្លាប់ប្រាប់ឱ្យដឹងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះការកំម្ម៉ង់ទិញពីទីផ្សារក្រៅលែងមានរយៈពេលដល់២ឆ្នាំទៀតហើយ មានតែ៣ខែ ៦ខែនិង១ឆ្នាំប៉ុណ្ណោះ។ ការកំម៉្មង់ទិញដែលមានរយៈពេលខ្លីវាមិនមែនមានន័យថាវាផ្តល់ភាពងាយស្រួលសម្រាប់អ្នកផ្គត់ផ្គង់ទេឬអ្នកបញ្ជាទិញខ្លួនឯងនោះទេ ដោយសារវាគ្មានជម្រើសដោយសារវាមានហានិភ័យ គេបារម្ភខ្លាចបញ្ជាទិញហើយអ្នកផ្គត់ផ្គង់គេផលិតបានហើយបែរជាអត់យកក៏ទទួលខុសត្រូវដែរ។
បើតាមប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា នៅពេលការកំម្ម៉ង់ទំនិញពីទីផ្សារខាងក្រៅមានការធ្លាក់ចុះប្រាកដណាស់អ្នកផលិតនិងជួបការលំបាកព្រោះអត់មានអ្វីផលិតហើយកម្មករក៏អត់មានការងារធ្វើដែរ។ដូចនេះដើម្បីដោះស្រាយបញ្ហានេះត្រូវធ្វើយ៉ាងម៉េចឱ្យមានការកំម្ម៉ង់ទំនិញមានច្រើនជាងមុន បើមិនដូច្នោះទេនឹងមានការព្យួរការងារនោះនិងធ្វើឱ្យកម្មករជួបការលំបាក៕ អត្ថបទ៖សារេត