លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គោលនយោយរបស់ក្រសួងកសិកម្ម គឺសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន មិនត្រូវបន្តឱ្យមានការកាប់ព្រៃឈើ និងនេសាទខុសច្បាប់ទៀតឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម(ASPIRE-AT)កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីខាងលើ លោក បានលើកឡើងបន្តថា គោលនយោបាយរបស់ក្រសួងកសិកម្មនេះ រំពឹងថានឹងត្រូវបានដាក់បញ្ជូលក្នុងសកម្មភាពគម្រោង។ ក្នុងនោះ សន្តិសុខស្បៀង គឺត្រូវធ្វើការងារក្នុងខ្សែច្រវាក់ផលិតកម្មតាំងពីអ្នកផលិតរហូតដល់ទីផ្សារ ដោយធានាការផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងការនាំចេញផងដែរ។ចំពោះ គម្រោងត្រូវគិតគូរលើការប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងវិស័យកសិកម្មទំនើប(Agriculture Digitalization) ដើម្បីឈានទៅរកកសិកម្មឆ្លាតវៃ(Smart Agriculture) ផ្សារភ្ជាប់នឹងទូរស័ព្ទ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតក្នុងការកាត់បន្ថយការចំណាយ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី បានបន្តទៀតថា ត្រូវពិនិត្យលទ្ធភាព និងពិចារណាលើការប្រើប្រាស់ប្រព័ន្ធស្រោចស្រពដែលចំណាយតិច ដូចជា ប្រព័ន្ធបង្ហូរ ការប្រើប្រាស់ថាមពលព្រះអាទិត្យឬសូឡា ការប្រើប្រាស់ភ្លើងបូមទឹកពេលយប់ ដែលមានតម្លៃទាប ព្រមទាំងការចងសហគមន៍កសិកម្ម និងការអនុវត្តកសិកម្មតាមកិច្ចសន្យា ព្រមទាំងទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់ផលិតកម្ម ដើម្បីទទួលបានប្រាក់ចំណេញដល់គ្រប់ភាគី។
ជាមួយគ្នានោះ លោក ក៏បានគូសបញ្ចាក់ថា ការអភិវឌ្ឍផ្នែកឌីជីថល ក្នុងវិស័យកសិកម្ម នឹងជួយដល់ការធានានូវផលិតភាព និងទីផ្សារ ព្រោះថា ព័ត៌មានផ្នែកឌីជីថលនឹងជួយបានយ៉ាងច្រើនសម្រាប់កសិកម្មផងដែរ៕