កម្ពុជា និងថៃ បានបើកដំណើរការសាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) អំឡុងពេល លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ រយៈពេល២ថ្ងៃ (២៣-២៤)ខែកុម្ភៈ ឆ្នាំ២០២៣ តបការអញ្ជើញរបស់លោក ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសនៃប្រទេសថៃ។
នៅក្នុងដំណើរទស្សនកិច្ចនោះ ភាគីទាំងពីរ បានលើកពីផលប្រយោជន៍ នៃការបើកដំណើរការសាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)នេះ ថានឹងជាការចូលរួមចំណែកបង្កើនលំហូរពាណិជ្ជកម្មឆ្លងដែន និងវិនិយោគ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងសុខមាលភាពនៃប្រជាជនទាំងពីរ។
លើសពីនោះ ភាគីទាំងពីរ បានពិភាក្សាយ៉ាងទូលំទូលាយ ដោយបានពិនិត្យឡើងវិញ និងដាក់ចេញនូវវិធានការថ្មី សម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីកំណើន និងវិបុលភាពរួមរវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ ទេសចរណ៍ ការងារ ការតភ្ជាប់ សន្តិសុខ និងការការពារជាតិជាដើម។
ជាមួយគ្នានោះ ភាគីទាំងពីរ ក៏បានខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ផងដែរ។
ទន្ទឹមនឹងនោះ លោក ប្រាក់ សុខុន បានលើកទឹកចិត្តដល់ភាគីថៃ ឱ្យពង្រីកទីផ្សារថៃ លុបរបាំងបច្ចេកទេសពាណិជ្ជកម្ម ដើម្បីអនុគ្រោះដល់កសិផលកម្ពុជា៕