ក្រសួងសារធាររណការ និងដឹកជញ្ជូន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ៣០ខែ មេសានេះថា មានបងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួល និងប្រើប្រាស់សេវានៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត នៅផ្សារទំនើបអ៊ីអនទី១ និង២ យ៉ាងច្រើនកុះករក្នុងរយៈពេលថ្មីៗនេះ។
ទន្ទឹមគ្នានេះ ក្រសួង បានបានសំណូមពរយ៉ាងទទូច អ្នកទៅទទួលសេវាប័ណ្ណបើកបរប្រុងប្រយ័ត្ន និងរួមគ្នាការពារការរីករាលដាលជំងឺកូវីដ១៩។
ក្រសួងសារធាររណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀតថា «សូមសំណួមពរយ៉ាងទទូចចំពោះប្រជាពលរដ្ឋដែលនាំគ្នាសម្រុកទៅធ្វើប័ណ្ណបើកបរនៅផ្សារទំនើបអ៊ីអនទី១ និង២ មេត្តារក្សាគម្លាត និងគោលការណ៍អនាម័យតាមការណែនាំ ដើម្បីការពារការរីករាលដាលជំងឺ COVID-19 ទាំងអស់គ្នា»។
ក្នុងនោះដែរ ក្រសួងបានស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវធ្វើតាមការណែនាំ ដែលមានការសម្របសម្រួលរបស់មន្ត្រីផ្ទាល់ពេលទៅទទួលសេវាប័ណ្ណបើកបរ និងបន្តរក្សាភ្ជាប់គោលការណ៍អនាម័យពាក់ម៉ាស នៅឆ្ងាយពីគ្នា ១ ម៉ែត្រកន្លះ លាងសម្អាតដៃជាមួយទឹកអាល់កុល ឬជេលឲ្យបានត្រឹមត្រូវ។
បញ្ជាក់ថា គិត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្តចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់៕ អត្ថបទ៖ សិរីការ