គណៈប្រតិភូកម្ពុជា ទស្សនកិច្ចនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង អាសាគិ នៃប្រទេសជប៉ុន

សង្គម​ និង​សេដ្ឋកិច្ច

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្ម ទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង អាសាគិ នៃប្រទេសជប៉ុន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសិក្សា ពីសកម្មភាព ភាពច្នៃប្រឌិត ក្នុងការរៀបចំព្រឹត្តិការណ៌នានា ដើម្បីជំរុញការផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលកម្ពុជា មកកាន់ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លៀតក្នុងឱកាសនេះ ឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា អាសាគិ ជាមជ្ឈមណ្ឌលកម្ពុជាទីមួយប្រចាំប្រទេសជប៉ុន ដែលនឹងដើរតួសំខាន់ក្នុងការជំរុញ ធុរកិច្ច និងវិនិយោគ រវាងជប៉ុន និងកម្ពុជា។ បន្ថែមពីលើនេះ ជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយទៀតដែរ ដែលសភាពាណិជ្ជកម្មកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ ប្រទេសជប៉ុន ដែលនឹងចូលរួមចំណែកបន្ថែមទៀតលើការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ។ 

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន គឺឈានទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជុ្រងជ្រោយ ក្រៅពីនេះ ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលប្រទេសជប៉ុន ក៏ជាភាគីហត្ថលេខីផងដែរនោះ នឹងជួយជំរុញបន្ថែមទៀត ដល់សេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែរីកចំរើនផងដែរ។ 

ទន្ទឹមនឹងនោះ ជប៉ុន និងកម្ពុជា កំពុងសិក្សាលទ្ធភាពក្នុងការរៀបចំកិច្ចព្រមព្រៀងសេរីទ្វេរភាគី កម្ពុជា ជប៉ុនដែលនឹងបន្តជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង អាសាគិ ដោយជំរុញឲ្យក្រុមហ៊ុន និងអ្នកផលិត កម្ពុជាទាំងអស់ឲ្យយកមកដាក់តាំងឲ្យបានកាន់តែច្រើន។

សូមជម្រាបជូនបន្ថែមថា មជ្ឈមណ្ឌលពាណិជ្ជកម្ម អាសាគិ បានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០២២ ដើម្បីបង្ហាញសក្តានុពលនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងដើរតួជាស្ពានសម្រាប់ ការផ្លាស់ប្តូរធនធានមនុស្ស ពាណិជ្ជកម្ម វប្បធម៍ និងជាយន្តការក្នុងការរៀបចំកម្មវិធី និងសិក្ខាសាលា ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ៕