លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកទឹកចិត្តដល់កសិករនៅជុំវិញកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ សហការជាមួយក្រុមហ៊ុន ដើម្បីទទួលផលចំណេញរួមគ្នា ។ ការផ្ញើសារលើកទឹកចិត្តដល់កសិករដូចនេះ បានធ្វើឡើងនៅដំណើរទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ឌិត ទីណា បានលើកឡើងថា ក្រសួងកសិកម្មនឹងព្យាយាមលុបបំបាត់ភាពមិនទុក ចិត្តគ្នារវាងកសិករ និងអ្នកវិនិយោគក្នុងវិស័យកសិកម្ម ដើម្បីទទួលបានប្រយោជន៍រួមគ្នា។ ជាក់ស្តែងដូចជា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ដែលកំពុងប្រតិបត្តិការដោយបច្ចេកទេសទំនើប ប៉ុន្តែកសិករនៅជុំវិញកសិដ្ឋានបែរជាធ្វើតាមបែបបុរាណ ដាច់ដោយឡែកពីគ្នា។

លោករដ្ឋមន្ត្រី បានបន្ថែមថា កសិករអាចចូលរួមចំណែកជាមួយការពង្រីកក្នុងចង្វាក់ផលិតកម្មផ្សេងៗ តាមរយៈការដាំដុះតាមកិច្ចសន្យា ហើយប្រសិនបើកសិករមិនមានភាពទុកចិត្តគ្នានោះទេ វិស័យកសិកម្មក៏គ្មានភាពរីកចម្រើននោះដែរ។ ជាមួយគ្នានេះ ក្រសួងនឹងព្យាយាមសម្របសម្រួល កសាងទំនុកចិត្តរវាងកសិករនិងវិស័យឯកជន ដើម្បីឲ្យមានភាពជឿជាក់ធ្វើការជាមួយគ្នា ហើយក្រសួងក៏ស្នើដល់កសិករទាំងអស់ដែលនៅជុំវិញអភិវឌ្ឍន៍ កុំមានអារម្មណ៍ថាគ្មានឳកាស។

គួរបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ដែលស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានដំណើរការរយៈពេលជាង ៤ឆ្នាំមកហើយតាំងពីផ្ដើមការសាងសង់រហូតដល់ទទួលបានតំណក់ទឹកដោះគោដំបូង។ កសិដ្ឋានក៏បានលក់ចែកចាយផលិតផលរបស់ខ្លួនមានទឹកដោះគោស្រស់ និងយ៉ាអួ ច្រើនរសជាតិ នៅលើទីផ្សារ តាមផ្សារទំនើប ផ្សារធម្មតា ពីរបីពាន់កន្លែង ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង៕
