ពីសណ្ឋាគារ The Westin Tokyo ប្រទេសជប៉ុន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាសភាពគណៈកម្មការជាច្រើនរូបទៀត បានដឹកនាំការរៀបចំ បោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុនប្រកបដោយផ្លែផ្កា សម្រាប់អាណត្តិទី១ លើកទី១។


កម្មវិធីរៀបចំការបោះឆ្នោតជាប្រវត្តិសាស្ត្រ បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ ប្រទេសជប៉ុន នាពេលនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតការិយាល័យតំណាង, ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន, មន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស សមាជិកសភាពាណិជ្ជកម្មកម្ពុជា រួមមាន៖ លោក ឧកញ៉ា ហេង បូរិន, លោកឧកញ៉ា ហ៊ួត ឈឿន និងក្រុមហ៊ុន សហគ្រាស អាជីវករ ជនជាតិជប៉ុន និងខ្មែរជាច្រើនរូប ចូលរួមជាសក្ខីភាពផងដែរ។
ជាលទ្ធផល ការបោះឆ្នោតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាខាងលើ បានដំណើរការប្រកបដោយរលូន និងស្របតាមនីតិវិធីកំណត់ ដោយមានអ្នកចូលរួមបោះឆ្នោតសរុបចំនួន ៣៧នាក់ ស្មើនឹង៨៨,១០% នៃសមាជិកចុះឈ្មោះបោះឆ្នោតចំនួន៤២នាក់។ បេក្ខជនដែលជាប់ឆ្នោតជាប្រធានគឺ លោក រស់ រាសី ជាជនជាតិខ្មែរ-ជប៉ុន និងមានតួនាទីជាអគ្គនាយកក្រុមហ៊ុន Shin Fuji Soji CO., LTD។ ទន្ទឹមនឹងនោះ ក៏មានបេក្ខជនចំនួន ៤រូប ផ្សេងទៀត បានជាប់ជាអនុប្រធាន និង ៩រូប ទៀត បានជាប់ជាសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ ប្រទេសជប៉ុន សម្រាប់អាណត្តិទី១ លើកទី១។
ថ្លែងក្នុងឱកាសបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ ប្រទេសជប៉ុន ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំបោះឆ្នោតបានលើកឡើងពីសារៈសំខាន់នៃការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅតំបន់សេនដៃ ដែលអាចពង្រីកវិសាលភាពនៃការវិនិយោគរបស់ភាគីជប៉ុនមកកាន់ប្រទេសកម្ពុជា ឱ្យបានកាន់តែទូលំទូលាយ និងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារប្រទេសជប៉ុន។

មានមតិសំណេះសំណាល និងចូលរួមអបអរសាទរ ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាជាវត្តិសាស្ត្រ ប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា៖ ការបោះឆ្នោតសម្រាប់អាណត្តិទី១ លើកទី១ ជ្រើសតាំងប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាលើកនេះ គឺជាប្រវត្តិសាស្ត្រ សម្រាប់សភាពាណិជ្ជកម្មកម្ពុជាផ្ទាល់ ហើយការិយាល័យតំណាងនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាពរវាងអ្នកវិនិយោគិនកម្ពុជា និងអ្នកវិនិយោគិនជប៉ុន ឱ្យកាន់តែខិតជិតគ្នា ឈានទៅសម្រេចផែនការទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាក់ជាមិនខាន។


របាយការណ៍ទំហំពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងជប៉ុន បង្ហាញថា ការនាំទំនិញចេញចូលរវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងឆ្នាំ ២០២២ មានចំនួនសរុបជិត១,៩៥ពាន់លានដុល្លារ កើនជាង១២ភាគរយបើធៀបនឹងឆ្នាំមុន។ ក្នុងចំណោមទំហំពាណិជ្ជកម្មនេះ ការនាំចេញទំនិញពីកម្ពុជាទៅជប៉ុនមានចំនួនជាង ១,១៧ ពាន់លានដុល្លារ៕







