ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ទាក់ទាញអ្នកវិនិយោគមកវិនិយោគលើការកែច្នៃវត្ថុធាតុដើមដែលមានក្នុងស្រុក ខណៈកម្ពុជានៅខ្វះសម្ភារៈបច្ចេកទេសសម្រាប់ការកែច្នៃលើផលិតផលនានា។
ថ្លែងក្នុងពេលដែល សម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាកាលពីមុន វិស័យកសិកម្មស្រូវនៅកម្ពុជាយើង គ្រាន់តែធ្វើឡើងដើម្បីឱ្យហូបបានគ្រប់គ្រាន់តែប៉ុណ្ណោះ ប៉ុន្តែមកទល់ពេលនេះកម្ពុជាសល់ស្រូវ និងអង្ករយ៉ាងច្រើន ដែលទាមទាឱ្យមានការវិនិយោគ និងផ្តល់ទុនដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃ និងសម្ងួតដើម្បីនាំចេញ”។
ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានអះអាងឱ្យដឹងថា កម្ពុជាចង់ទាក់ទាញអ្នកវិនិយោគមកវិនិយោគលើការកែច្នៃវត្ថុធាតុដើម ដែលមានក្នុងស្រុក ពីព្រោះកម្ពុជាមានធនធានសម្រាប់កែច្នៃ ប៉ុន្ដែនៅខ្វះសម្ភារៈបច្ចេកទេសសម្រាប់ការកែច្នៃ លើផលិតផលនានា ដែលមាននៅក្នុងស្រុកក្នុងនោះមានដូចជា ស្រូវអង្ក កៅស៊ូ ដំឡូងមី និងគ្រាប់ស្វាយចន្ទីជាដើម។
យ៉ាងណាមិញ នាឱកាសនោះ ដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាក់ថា កាលពីថ្ងៃមុនបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗដែលធ្វើដំណើរមកជាមួយប្រធានាធិបតីអាល្លឺម៉ង់ គឺមានបំណង់យកក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជា ដែលនេះគឺជាក្របខណ្ឌគោលនយោបាយក្នុងវិស័យឧស្សាហកម្មកម្ពុជា ដែលកំពុងត្រូវការអ្នកជំនាញបច្ចេកទេសជាច្រើននាពេលបច្ចុប្បន្ននេះ និងពេលអនាគតផងដែរ៕
អត្ថបទ៖ ពិសី