នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យដំឡើងឋានៈលោក សារិន វណ្ណា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ មានឋានៈស្មើ «អនុរដ្ឋលេខាធិការ» បន្ថែមលើមុខងារបច្ចុប្បន្ន។
លោក សារិន វណ្ណា អតីតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ត្រូវបានលោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះហត្ថលេខា តែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបីយកម្មរាជធានីភ្នំពេញ ជំនួសលោក ជា ស្រ៊ុន ប្រធានមន្ទីរចាស់ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍នោះ តាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។
ទោះបីលោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ចាកចេញ (បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ) ជំនួសវិញដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រីក្រសួងដែនដីថ្មី ក៏លោក សារិន វណ្ណា នៅតែបន្តទទួលបានតំណែងជាប្រធានមន្ទីរសុរិយោដីរាជធានីភ្នំពេញ រហូតមកដល់បច្ចុប្បន្ន សរុបរយៈពេលប្រមាណជិត ៨ឆ្នាំមកហើយ។
លោក សារិន វណ្ណា ជាប្រធានមន្ទីរសុរិយោដីមួយរូបគត់ ដែលបានទទួលងារ «ឯកឧត្តម» តាមរយៈព្រះរាជក្រឹត្យ តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ដែលបានតែងតាំងរូបលោកជា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ «អគ្គនាយក» បន្ថែមលើមុខងារបច្ចុប្បន្ន។
សូមជម្រាបថា លោក សារិន វណ្ណា ក៏ត្រូវបានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតាំងជា អនុប្រធានកាកបាទក្រហមរាជធានីភ្នំពេញ កាលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨។ ប្រធានមន្ទីរសុរិយោដីរាជធានីភ្នំពេញរូបនេះ ក៏ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទាន ផ្តល់គ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាមេដាយខ្ពស់បំផុតរបស់កម្ពុជា សម្រាប់បុគ្គលដែលជួយបម្រើជាតិ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបំពាក់មេដាយជូនលោកដោយផ្ទាល់ផងដែរ៕