កម្ពុជាដកចេញពី«បញ្ជីប្រផេះ»នឹងធ្វើឱ្យអ្នកជំនួញរឹតតែមានទំនុកចិត្តកាន់តែខ្លំាងក្នុងវិស័យពាណិជ្ជកម្ម

សង្គម​ និង​សេដ្ឋកិច្ច

អ្នកជំនាញខាងពាណិជ្ជកម្ម និងអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅក្នុងស្រុកក្រៅពីសម្តែងការអបអរសាទរបន្ទាប់ពីប្រទេសកម្ពុជាត្រូវបានដកចេញពី«បញ្ជីប្រផេះ»របស់អង្គការឃ្លំាមើលការលាងសម្អាតប្រាក់និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិហៅកាត់ថា FATF ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីសកាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នំា២០២៣ កន្លងមកនេះវានឹងធ្វើឱ្យអ្នករកស៊ីឬអ្នកធ្វើជំនួញរឹតតែមានទំនុកចិត្តកាន់តែខ្លំាងនៅក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា ហើយលើសពីនេះវាអាចជាទាក់ទាញអ្នកវិនិយោគបន្ថែមទៀតចូលមកកាន់កម្ពុជានាពេលខាងមុខផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា ក្នុងនាមជាវិស័យឯកជនក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជាយើងអបអរសាទរដែលប្រទេសកម្ពុជាត្រូវបានដកចេញពី«បញ្ជីប្រផេះ»នេះ។ វាជាការពិតណាស់ការដែលយើងរួចផុតពីបញ្ជីប្រផេះនេះ វាគឺជាការផ្តល់កិត្តិយសជូនជាតិយើងវិញ និងផ្តល់ផលប្រយោជន៍សំខាន់ៗជាច្រើន ពិសេសទំាងផលប្រយោជន៍ជា នយោបាយនិងសេដ្ឋកិច្ច ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា«បើពាក់ព័ន្ធនិងផ្នែកសេដ្ឋកិច្ចនេះវិញសម្រាប់អ្នករកស៊ីមានទំនុកចិត្តកាន់តែខ្លំាងដោយសារ នៅប្រទេសកម្ពុជាយើងត្រូវការជួញដូរឆ្លងប្រទេសជាលក្ខណៈអន្តរជាតិច្រើនដែលផលិតផលទំនិញជាច្រើនត្រូវការនាំចេញហើយត្រូវការបង្វែរប្រាក់ដុល្លារអាមេរិកចូលមកវិញ។ ដូច្នេះនៅពេលប្រទេសកម្ពុជាកំពុងនិយមចាយប្រាក់ដុល្លារអាមេរិកស្រាប់ទន្ទឹមពេលនឹងប្រាក់រៀលនេះគឺយើងរីករាយក្នុងការទូទាត់សាច់ប្រាក់ឱ្យល្អប្រសើរឡើងវិញហើយជាក្តីត្រេកអរពីវិស័យឯកជនទំាងអស់គ្នា»។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ការដាក់សម្ពាធ ក្នុងបញ្ជីប្រផេះឬក្នុងបញ្ជីខ្មៅនេះអាចជាការយល់ច្រលំឬជាការមើលឃើញក្នុងភាពមួយមិនប្រក្រតីសម្រាប់កម្ពុជា។ មើលមកកម្ពុជាហាក់មិនសូវល្អ អីចឹងរាជរដ្ឋាភិបាលបានអនុញ្ញាតស៊ើបអង្កេត ហើយបន្ទាប់ពីមានការស៊ើបអង្កេតបានត្រឹមត្រូវ ការដាក់ក្នុងបញ្ជីប្រផេះត្រូវបានដកចេញ។


លោកបណ្ឌិត គី សេរីវឌ្ឍន៍សង្កត់ធ្ងន់ថា«ខ្ញុំមើលឃើញថាបើគិតទៅលើតម្លៃសេដ្ឋកិច្ចបច្ចុប្បន្នវាមិនមានអ្វីលើសពីមុនទេ ព្រោះការនាំចេញនាំចូលហើយការទូទាត់របស់យើងនៅធម្មតា។ ក៏ប៉ុន្តែនៅពេលខាងមុខវាអាចបង្ហាញថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើឬប្រទេសកម្ពុជាបាននិងកំពុងធ្វើនេះគឺជាកិច្ចខិតខំប្រឹងប្រែងសហការក្នុងកម្រិតអន្តរជាតិ អីចឹងវាអាចជាការទាក់ទាញការវិនិយោគបន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា»៕

អត្ថបទ៖សារេត