ក្រុមសង្គ្រោះប្រចាំខេត្តគួយចូវរបស់អង្គការសង្រ្គោះមេឃពណ៌ខៀវ ប្រទេសចិន បានផ្តល់ជំនួយឧបត្ថម្ភ ក្រោមក្របខណ្ឌអង្គការសង្គមស៊ីវិល នូវឧបករណ៍ និងបរិក្ខាពេទ្យ គិតជាទឹកប្រាក់ប្រមាណជិត ២០ម៉ឺនដុល្លារអាមេរិក នៅព្រឹកថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
ប្រធានក្រុមសង្គ្រោះប្រចាំខេត្តគួយចូវរបស់អង្គការសង្រ្គោះមេឃពណ៌ខៀវ ប្រទេសចិនលោក វ៉ង អ៊ី បានលើកឡើងថា ក្រោមឆ័ត្របណ្តាញអង្គការសង្គមស៊ីវិលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្រោមកិច្ចសម្របសម្រួលការងាររបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ទើបក្រុមសង្គ្រោះមេឃពណ៌ខៀវប្រទេសចិន ចំនួន ១០នាក់ ស្ម័គ្រចិត្តបំពេញបេសកម្មនៅកម្ពុជា ដើម្បីចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្រុមសង្រ្គោះមេឃពណ៌ខៀវ បានបំពេញបេសកម្មនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅទីសាធារណៈ សាលារៀន មជ្ឈមណ្ឌលបណ្តុះបណ្តាល មជ្ឈមណ្ឌលចត្តាឡីស័ក មន្ទីរពេទ្យ ផ្សារ បន្ទាយយោធា និងស្ថាប័នរដ្ឋសរុបជាង ២០ទីតាំង។
លោក វ៉ង អ៊ី បានឲ្យដឹងទៀតថា ក្រុមសង្រ្គោះមេឃពណ៌ខៀវ នឹងបំពេញបេសកម្មបន្តរបស់ខ្លួន នៅខេត្តព្រះសីហនុ កំពង់ឆ្នាំង សៀមរាប ខេត្តព្រះវិហារ កំពង់ធំ ត្បូងឃ្មុំ និងខេត្តកំពង់ចាម ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ និងបណ្តុះបណ្តាល ពីជំនាញសង្គ្រោះ និងទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ។
ជំនួយដែលបរិច្ចាគដោយអង្គការសង្គ្រោះមេឃពណ៌ខៀវ រួមមាន៖ ម៉ាស់ចំនួន ២៨ម៉ឺនបន្ទះ ម៉ាស៊ីនបំភាយឧស្ម័នបាញ់សម្លាប់មេរោគចំនួន ២០០គ្រឿង និងសម្លៀកបំពាក់ប្រើប្រាស់សម្រាប់បាញ់ថ្នាំសម្លាប់មេរោគចំនួន ៩០០កំប្លេ ដែលសម្ភារទាំងនេះ សរុបជាទឹកប្រាក់ប្រមាណ ១៨ម៉ឺន ៤ពាន់ដុល្លារសហរដ្ឋអាមេរិក។
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ថ្លែងអំណរគុណ និងសម្តែងការកោតសរសើរចំពោះបេសកម្មភាពរបស់ក្រុមការងាររបស់អង្គការសង្រ្គោះមេឃពណ៌ខៀវ ដែលមិនត្រឹមផ្តល់ជំនួយជាសម្ភារនោះទេ ថែមទាំងបញ្ជូនក្រុមការងារជំនាញស្ម័គ្រចិត្តមកកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។
សូមបញ្ជាក់ថា ក្រុមសង្គ្រោះមេឃពណ៌ខៀវប្រទេសចិន គឺជាក្រុមជួយសង្គ្រោះ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៧ ហើយក៏ជាអង្គការសង្គមស៊ីវិលមួយដ៏ធំក្នុងបេសកម្មជួយសង្គ្រោះ។ បច្ចុប្បន្នក្រុមសង្គ្រោះមេឃពណ៌ខៀវប្រទេសចិន មានប្រមាណជាង ៦០០ក្រុម នៅទូទាំងពិភពលោក និងមានអ្នកស្ម័គ្រចិត្តប្រមាណជាង ៥ម៉ឺននាក់ ដោយមានការចូលរួមក្នុងសកម្មភាពសង្រ្គោះទាំងក្នុង និងក្រៅប្រទេសចិនរាប់សិបម៉ឺនដង និងបានប្រែក្លាយកងសង្រ្គោះប្រកបដោយជំនាញវិជ្ជាជីវៈ បំនិនប្រសប់ ព្រមទាំងមានបទពិសោធន៍ ដែលមានលក្ខណៈស្តង់ដារស្របតាមនិយាមវិទ្យាសាស្រ្តផងដែរ៕