លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញបេសកកម្មនៅប្រទេសបារាំងដើម្បីសិក្សាស្វែងរកទីផ្សារ សម្រាប់កសិផលកម្ពុជា ជាពិសេសនៅក្នុងសហគមន៍អឺរ៉ុប។
ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបារាំង លោក ឌិត ទីណា បានលើកឡើងពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា ដែលរួមមាន អង្ករផ្ការំដួលកម្ពុជា បានជាប់ជាអង្ករល្អដាច់គេ នៅលើពិភពលោកចំនួន៥លើក ស្ករត្នោត រួមទាំងកសិកផលផ្សេងៗទៀតដូចជា ផ្លែចេក និងផ្លែស្វាយជាដើម។
ក្នុងជំនួបនោះដែរ លោករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសបារាំង រួបរួម និងទុកចិត្តគ្នា ដើម្បីជួយឲ្យកសិផលខ្មែរ អាចឈានចូលទីផ្សារប្រទេសបារាំង និងអឺរ៉ុប ឲ្យបានកាន់តែច្រើន តាមរយៈការវិនិយោគដាក់ទុនរួមគ្នាក្តី។
ជាមួយគ្នានេះ ក្នុងឱកាសចូលរួមក្នុងពិព័រណ៍កសិកម្មនៅទីក្រុងប៉ារីស លោក ឌិត ទីណា បានសម្លឹងឃើញពីលទ្ធភាព ក្នុងធ្វើពាណិជ្ជកម្មកសិផលជាមួយបារាំង ដោយកម្ពុជាអាចនឹងនាំចូលផ្លែប៉ោមពីបារាំង ហើយបារាំងអាចនាំចេញផ្លែស្វាយ និងផ្លែចេកពីកម្ពុជា នៅពេលខាងមុខ។
សូមជម្រាបថា លោក ឌិត ទីណា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិព័រណ៌កសិកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣៕