ចូលមកដល់ឆ្នាំ២០២៣នេះ ពោលគិតត្រឹមចុងខែកុម្ភៈគេសង្កេតឃើញថានៅតាមបណ្តារោងចក្រមួយចំនួនកម្មករ-កម្មការិនីមិនសូវសំបូរការងារធ្វើឬធ្វើការថែមម៉ោងនោះទេ។ ស្ថិតក្នុងកាលៈទេសៈមិនសូវមានការងារគ្រប់គ្រាន់មួយរយៈចុងក្រោយនេះមិនត្រឹមធ្វើឱ្យកម្មករខ្លួនឯងប្រឈរមុខទៅនិងការចំណាយនៅក្នុងគ្រួសារប្រចាំថ្ងៃនោះទេ សូម្បីតែអ្នកលក់ដូរនៅមុខរោងចក្រក៏ពិបាករកប្រាក់ចំណូលពីមុខរបរផ្ទាល់ខ្លួនផងដែរ។ ពាក់ព័ន្ធនិងការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជា បានធ្វើឱ្យសហជីពក្នុងស្រុកមួយកំពុងមានក្តីព្រួយបារម្ភអំពីភាពអត់ការងារធ្វើពេញលេញសម្រាប់កម្មករ កម្មការិនីនៅពេលខាងមុខនេះដោយសារមូលហេតុធំៗមួយចំនួន។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានឱ្យដឹងថា តាមពិតទៅស្ថានភាពជាក់ស្តែងការងារនៅក្នុងរោងចក្រវាមិនខុស ពីការសង្កេតមើលរបស់មហាជនពីខាងក្រៅទៅលើសកម្មភាពរបស់កម្មកររោងចក្រនោះទេ។ នៅឆ្នាំ២០២២កន្លងទៅមានរោងចក្រប្រមាណ២០បានបិទ ហើយកម្មករជាង១ម៉ឺននាក់បានព្យួរការងារនិងអត់មានការងារធ្វើ។
លោក អាត ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មានប្រសាសន៍ថា ចូលមកដល់ខែមករានិងកុម្ភៈឆ្នំា២០២៣នេះមានគ្រឹះស្ថានមួយចំនួនបានព្យួរការងារឬខ្លះទៀតបានបិទ អីចឹងវាពិតមានបញ្ហា ហើយសួរថាមានមូលហេតុអ្វីខ្លះបានជារោងចក្របិទទ្វា?គឺដោយសារអត់សូវមានការបញ្ជាទិញមកពីខាងក្រៅច្រើន, សង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ី, មូលហេតុមកពីGSP, មូលហេតុមកពី EBA, មូលហេតុមកពីកម្ពុជាជិតដល់ពេលបោះឆ្នោត, មូលហេតុមកពីជំងឺកូវីដ១៩, មូលហេតុមកពីខាងវៀតណាមទើបបានកិច្ចព្រមព្រៀងទ្វេភាគីហើយរោងចក្រមួយចំនួនវិលទៅវៀតណាមវិញជាដើម។
លោកសង្កត់ធ្ងន់ថា«នៅពេលបោះឆ្នោតនាពេលខាងមុខនេះ រឿងធំជាងគេខាងនិយោជកគេព្យួរឬពន្យានៃការបញ្ជាទិញរបស់គេដោយមិនទិញគំហុក អីចឹងមូលហេតុនេះធ្វើឱ្យកម្មករមួយចំនួនអត់មានការធ្វើពេញលេញ ការងារមួយចំនួនមិនសំបូរឬមិនមានការងារថែមម៉ោងហើយនៅកន្លែងខ្លះបានបិទក្រុមហ៊ុន»។
បើតាមលោក អាត ធន់ ថាមកដល់ពេលនេះលោកមិនទាន់មើលឃើញសញ្ញាល្អណាមួយ ថានឹងមានការងារធ្វើច្រើនឡើងវិញយ៉ាងណានោះទេ។តែផ្ទុយទៅវិញលោកយល់ថាអាចនៅបន្តព្យួរការងារឬបាត់បង់ការងារបន្ថែមទៀតសម្រាប់កម្មករ។ស្ថិតកាលៈទេសៈនេះកម្មករត្រូវបង្កើនជំនាញខ្លួនឯងដើម្បីទៅរកការងារនៅតាមរោងចក្រដែលគេត្រូវការ។មួយវិញទៀតអាចពិនិត្យទៅមើលលុយដែលខ្លួនមាន សម្រាប់ត្រៀមងាកទៅបង្កើតជាមុខរបរសម្រាប់បំណិនជីវិតនៅថ្ងៃខាងមុខ។
លោក អាត ធន់ បន្តថា«ស្របពេលកម្មករអត់សូវមានការងារធ្វើឬអត់មានការងារថែមម៉ោងក្នុងពេលបច្ចុប្បន្ននេះគឺយើងមានការព្រួយបារម្ភមែនទែននៅពេលគាត់អត់មានការងារធ្វើ ហើយគាត់អត់មានប្រាក់ចំណូលហើយត្រូវការចំណាយច្រើន»។
យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបត្រូវបានដំឡើងពី១៩៤ដុល្លារអាមេរិកក្នុងមួយខែក្នុងឆ្នាំ២០២២និងបានកើនដល់២០០ដុល្លារអាមេរិកក្នុងមួយខែសម្រាប់ឆ្នាំ២០២៣ បើបូករួមប្រាក់អត្ថប្រយោជន៍ផ្សេងៗកម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលចាប់ពី២១៧ដុល្លារអាមេរិកដល់២២៨ដុល្លារអាមេរិកក្នុងមួយខែ៕ អត្ថបទ៖សារេត