ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួយប្រមាណជាង ១៥ដុល្លារពីក្រុមហ៊ុនប៊ីចេងរូបវែក ក្នុងការរួមចំណែកការពារការរីករាលដាលជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២០។
តំណាងក្រុមហ៊ុនប៊ីចេងសញ្ញារូបវែកប្រចាំកម្ពុជា លោកឧកញ៉ា ថៃ ទីណូ បាននាំយកថវិកាចំនួន ១៥៥០០០ដុល្លារមេរិក ជូនក្រសួងការបរទេស ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា។ លោកឧកញ៉ា ថៃ ទីណា មានប្រសាសន៍ថា លោកមានអារម្មណ៍សប្បាយរីករាយ ខណៈបានជួបផ្ទាល់ជាមួយឯកឧត្តមរដ្ឋមន្រ្តី និងនាំយកថវិការចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ជាមួយរាជរដ្ឋាភិបាលនេះ។
ជាកិច្ចស្វាគមន៍ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងក្តីរំភើប និងថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ីចេងសញ្ញារូបវែករបស់ប្រទេសថៃ ដែលបាននាំយកថវិកាមួយចំនួននេះ ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ទល់ទៅនឹងជំងឺកូវីដ១៩។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា សកម្មភាពនេះ គឺជារូបភាពមួយនៃកិច្ចសហប្រតិបត្តិការល្អរវាងវិស័យសាធារណៈ ជាមួយនឹងវិស័យឯកជន ហើយក៏ជាការផ្សាភ្ជាប់រវាងមិត្តភាពកម្ពុជា និងប្រទេសថៃផងដែរ។
ឯកឧត្តម គូសបញ្ជាក់ថា ក្នុងគ្រាបច្ចុប្បន្ន ដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ កាយវិការនេះ សមស្របបំផុត និងបង្ហាញភាពចាំបាច់ក្នុងការរួមចំណែកដល់ការប្រយុទ្ធនឹងកូវីដទាំងអស់គ្នា។
ឯកឧត្តម ប្រាក់ សុខុន បានឲ្យដឹងទៀតថា តាមរយៈក្រសួងការបរទេស នឹងនាំយកថវិកាទាំងអស់នេះ ជូនទៅរដ្ឋាភិបាល ដើម្បីទុកសម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕