GMACចាប់ផ្តើមធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីត្រៀមខ្លួនមុនកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច

សង្គម​ និង​សេដ្ឋកិច្ច

តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានអះអាងថានិងចាប់ផ្តើមធ្វើការជាមួយរាជរដ្ឋាភិបាល ក្នុងការត្រៀមខ្លួនចាកចេញពីប្រទេស មានការអភិវឌ្ឍន៍តិចតួចឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ខាងមុខនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសន្និបាតបូក សរុបសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្មីៗនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC លើកឡើងថាការអភិវឌ្ឍន៍វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា GMAC មានកិច្ចសហការល្អជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយកិច្ចសហការនេះនឹងនៅតែបន្តមានលក្ខណៈកាន់តែស៊ីជម្រៅ និងប្រសើរ ឡើងថែមទៀត ជាពិសេសការធ្វើសមញ្ញណកម្មនៃនីតិវិធី នៃការស្នើរសុំវិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណផ្សេងៗដែលចេញដោយក្រសួង សម្រាប់គ្រឿងបរិក្ខាប្រើប្រាស់ដូចជា បរិក្ខាមាត្រាសាស្រ្ត, គ្រឿងម៉ាស៊ីន និងការនាំចេញនូវសាធាតុគីមីផ្សេងៗជាដើម។

លោក កាំង ម៉ូនីកា មានប្រសាសន៍ថា ចំពោះទិសដៅបន្ត សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងអនុវត្តការងារស្របតាមយន្តការជាយុទ្ធសាស្រ្ត ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាឆ្នាំ ២០២២-២០២៧ ក្នុងនោះ ការកសាងធនធានមនុស្ស និងផលិតភាពការងារ ដើម្បីជួយសម្រួលដល់ការកើនឡើងប្រាក់ឈ្នួលរបស់កម្មករ និងការបន្តកែលម្អលក្ខ ខណ្ឌការងារនិងសុខុមាលភាពរបស់កម្មករ ជាពិសេសលើកកម្ពស់ការវិនិយោគក្នុងស្រុក ។

ក្នុងទស្សន វិស័យយូរអង្វែងនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា និងការទាក់ទាញការវិនិយោគលើវិស័យគាំទ្រ ផលិតនូវសម្ភារៈ និងវត្ថុធាតុ ដើម សម្រាប់ផ្គត់ផ្គង់ដល់ខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុកទាំងអស់ ជាជាងការពឹងនាំចូលទាំងស្រុងពីក្រៅប្រទេស ព្រមទាំងជំរុញ ការធ្វើពិធិ កម្មទីផ្សារផ្សេងៗថែមទៀត តាមរយៈការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ថែមទៅលើទីផ្សារមួយចំនួនដែលផ្តល់ភាព អនុគ្រោះ ពាណិជ្ជកម្មដល់កម្ពុជា។
លោក កាំង ម៉ូនីកា គូសបញ្ជាក់ថា«កត្តាដែលសំខាន់មួយទៀតគឺ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC និងចាប់ផ្តើមធ្វើការ ជាមួយ រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់កម្ពុជា នៃការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច ដូច្នេះកម្ពុជានឹងត្រូវពឹងផ្អែក ទាំងស្រុងទៅលើសមត្ថភាពនៃការប្រកួតប្រជែងរបស់ខ្លួន»៕

អត្ថបទ៖សារេត