ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យគណៈប្រតិភូ ក្រុម​ប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ជួបពិភាក្សា​ការងារ​ធុរ​​កិច្ច​ និង​វិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយឯកឧត្តម  Michael Malacka ឯកអគ្គរដ្ឋទូត ជាអនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ ចូលជួបពិភាក្សាការងារធុរកិច្ច​ និង​វិនិ​យោគ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នៅដើមសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅ​ដល់គណៈ​ប្រតិភូក្រុម​ប្រឹក្សាធុរកិច្ច​អាមេរិកអាស៊ាន ដែលបានដឹកនាំក្រុមការងារ ដែលជាក្រុមហ៊ុនរបស់សហរដ្ឋ​អាមេរិក​មកទស្សនកិច្ចជារៀងរាល់ឆ្នាំនៅ​​កម្ពុជា ដើម្បីផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាស​វិនិយោគ​ពីអាមេរិកមកកម្ពុជា។

ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឲ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជា​ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត Michael Malacka អនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ របស់ក្រុមប្រឹក្សា​ធុរកិច្ច​​អាមេរិក-អាស៊ាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់​ឱកាសលើក​ដំបូងបំផុតដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចបានជួបសំដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីឯកឧត្តមត្រូវ​បាន​គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា​ផ្តល់​សេចក្តីទុកចិត្ត ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេល​អនាគត។

លោកឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរកម្ពុជាដែលបានទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រ​ជុំកំ​ពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ពន្ធ័ផ្សេងៗទៀត​​កាលពីឆ្នាំ២០២២ កន្លងទៅ ដែលនេះ​បាននាំ​កិច្ចទំនាក់ទំនងអាមេរិក-កម្ពុជាឱយ កាន់តែជិតស្និទ្ធទ្វេឡើង​ថែមទៀត។

លោក ម៉ៃឃើល មីឆាឡាក់ ក៏បានគោរពជូនពរកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និង ការបោះឆ្នោតជាសកលនៅក្នុងខែកក្កដាខាងមុខ  ។

លោកឯកអគ្គរដ្ឋទូត ក៏បានរាយការណ៍ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផង ដែរថា៖ ក្រុមប្រឹក្សាធុរកិច្ច​អាមេរិក-​អាស៊ាន មានអាយុកាលជាង ៣៧ឆ្នាំហើយ និងមានសមាជិកដែលជាក្រុមហ៊ុនយក្សអាមេរិកជាង ១៨០ ក្រុមហ៊ុន (Fortune 500 Companies) បានទទួលការសម្របសម្រួល និងជួយជ្រោមជ្រែងដល់ការធ្វើធុរកិច្ច និងវិនិយោគនៅ​អាស៊ាន ហើយនាពេលនេះ ក្រុមហ៊ុនជាងដប់ បានចូលរួមជាមួយគណៈប្រតិភូ ដើម្បីពង្រីកការធ្វើធុរកិច្ច និងវិនិយោគ​​នៅកម្ពុជា ជាពិសេសជួយដល់ផែនការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា, បច្ចេកវិទ្យា និងនវានុវត្តន៍, លទ្ធភាព​ទទួល​ហិរញ្ញប្បទាន របស់ SME, ថាមពល និងហេដ្ឋារចនាសម្ព៍ន្ធ, ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់, និងការបណ្តុះបណ្តាល​ធនធានមនុស្ស, យុវជននិង SME ។ល។ 

ក្រុមហ៊ុនទាំងអស់ក៏បានគោរពរាយការណ៍ជូន ឯកឧត្តមបណ្ឌិត និងថ្នាក់ដឹកនាំ នូវបទពិសោធន៍ បច្ចុប្បន្នភាពការងារ និងសំណូមពរមួយចំនួន ដើម្បីឯកឧត្តមបណ្ឌិតបានជ្រាបពីស្ថានភាពជាក់ស្តែងរបស់ការធ្វើធុរកិច្ច និងវិនិយោគរបស់​ក្រុមហ៊ុនទាំងអស់៕