អភិបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងរយៈពេល០៥ឆ្នាំកន្លងមកនេះ ពោលគឺចាប់ពីឆ្នាំ ២០១៨-២០២២ ខេត្តតាកែវ ប្រជាពលរដ្ឋខេត្តតាកែវ មានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ(GDP)កើនឡើងជាលំដាប់ ខណៈគិតត្រឹមឆ្នាំ២០២៣នេះ មានចំនួន ១.៥២៦ដុល្លារ/ម្នាក់ផងដែរ។នេះបើតាមការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣នេះ។
នាឱកាសនោះ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រជាពលរដ្ឋខេត្តតាកែវ មានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ(GDP)កើនឡើងជាលំដាប់ចាប់ពី១.៣៦៤ដុល្លារ/ម្នាក់នៅឆ្នាំ២០១៨ ទៅដល់១.៥២៦ដុល្លារ/ម្នាក់ នៅឆ្នាំ២០២១។
ជាមួយគ្នានេះ សម្រាប់ឆ្នាំ២០២៣នេះ លោកថា រដ្ឋបាលខេត្ត នឹងខិតខំពង្រីករាល់សកម្មភាពការផ្តល់សេវាសាធារណៈគ្រប់ប្រភេទឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពសំដៅលើក កម្ពស់ការយល់ដឹងទូទៅរួមចំណែកកាត់ បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាព សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋថែមទៀត។
គួរបញ្ជាក់ដែរថា ខេត្តតាកែវ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ស្ថិតនៅប៉ែកនិរតី នៃព្រះរាជាណាចក្រកម្ពុជា មានចំងាយ ៧៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ២ និង៨៧គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ និងមានប្រវែង ៧៥គីឡូម៉ែត្រ តាមផ្លូវដែកពីរាជធានីភ្នំពេញ។ មានព្រំប្រទល់ខាងជើង និងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ខេត្តកំពង់ស្ពឺ និងខេត្តកំពត និងខាងត្បូង ខាងកើតជាប់ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ស្ថានភាពផ្ទៃដីមានលក្ខណៈវាលទំនាប និងដីខ្ពស់ជាប់ជួរភ្នំ មានផ្ទៃដីសរុប ៣.៦៨០,១៥គីឡូម៉ែត្រការ៉េ មាន១០ក្រុង ស្រុក ១០០ឃុំ សង្កាត់ និងភូមិ ១.១២១ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ១.០៥៣.៩៩៧នាក់ ស្ត្រី ៥៤២.៤៧៧នាក់ ស្មើនឹង ២៣៣.៨៧៧គ្រួសារ៕
អត្ថបទ៖ ពិសី