កម្ពុជា រំពឹងថានឹងមានរោងចក្រផលិតសំបកកង់រថយន្តធំមួយទៀតមកបណ្តាក់ទុនវិនិយោគក្នុងខេត្តកណ្តាល

សង្គម​ និង​សេដ្ឋកិច្ច

នៅពេលខាងមុខដ៏ខ្លីនេះកម្ពុជានឹងមានរោងចក្រផលិតសំបកកង់រថយន្តធំមួយទៀតចូលមកបណ្តាក់ទុនវិនិយោគក្នុងទឹកដីខេត្តកណ្តាលស្របពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន២រួចមកហើយ។ មួយកំពុងដំណើរការផលិត និងមួយទៀតកំពុងសាងសង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងបទបង្ហាញនៅក្នុងសន្និបាតបូកសរុប សកម្មភាពការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលថ្មីៗនេះថា កម្ពុជានឹងទទួលបានរោងផលិតសំបកកង់រថយន្តថ្មី មួយទៀត ដែលរោងចក្រគ្រោងបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស U.E.B នៅក្នុងទឹកដីស្រុកអង្គស្នូល ខេត្តកណ្តាល។ រោង ចក្រថ្មីនេះ នឹងបង្កើតឡើងផលិតធំជាងរោងចក្រនៅបាវិត និងនៅតំបន់សេដ្ឋកិច្ចពិសេស ។

លោកបញ្ជាក់ថា «បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកកង់ រថយន្តចំនួន២នៅតំបន់សេដ្ឋកិច្ចពិសេសបាវិតមួយ និងមួយទៀតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ក្នុងនោះចំពោះរោងចក្រនៅបាវិត ក្នុងមួយថ្ងៃៗផលិតបានចំនួន ២ម៉ឺនសំបកកង់ ដែលមកដល់ថ្ងៃនេះ រោងចក្រនោះបានបោះទុន វិនិយោគជាង ៥០០ លានដុល្លារ ដោយឡែកនៅខេត្តព្រះសីហនុបានកំពុងដំណើរការសាងសង់»។

លោកឧកញ៉ា លឹម ហេង អ្នកវិនិយោគនៅក្នុងវិស័យឧស្សាហកម្មកៅស៊ូក្នុងស្រុកនិងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាចាត់ទុក ជារឿងល្អ និងស្វាគមន៍ក្នុងនាមសភាពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៅពេលកន្លងមកតែងតែបានអំពាវនាវ និងធ្វើការទាក់ទាញអ្នកវិនិយោគចូលមកកាន់កម្ពុជា។

លោកឧកញ៉ា មានប្រសាសន៍ថា «មកដល់បច្ចុប្បន្ននេះរោងចក្រផលិតសំបកកង់រថយន្តបានប្រមូលទិញកៅស៊ូក្នុងស្រុកនៅមានកម្រិតតិចតួចនៅឡើយ ដោយសារការផលិតកៅស៊ូនៅក្នុងស្រុកភាគច្រើនជាកៅស៊ូលេខ១ ហើយគាត់(រោងចក្រ)ត្រូវការកៅស៊ូលេខ៣យកទៅផលិតជាសំបកកង់រថយន្ត ហើយបើលក់កៅស៊ូនៅក្នុងស្រុកត្រូវជាប់VAT១០%ទៀត អីចឹងទំាងខ្ញុំទំាងគេនាំចេញទៅលក់នៅទីផ្សារខាងក្រៅ»។

បើយោងតាមលោកឧកញ៉ា លឹម ហេង កៅស៊ូប្រភេទលេខ៣សម្រាប់ផលិតសំបកកង់រថយន្តនេះ កម្ពុជាអាចផលិតបានមានប្រហែល២០%និងមានតម្លៃប្រមាណ១០០ដុល្លារអាមេរិកក្នងមួយតោន ហើយលោកឧកញ៉ាជឿថាប្រសិនរាជរដ្ឋាភិបាលមានការលើកលែងពន្ធ១០%(VAT)សម្រាប់ការផ្គត់ផ្គង់កៅស៊ូនៅក្នុងស្រុកនេះនិងធ្វើឱ្យអ្នកវិនិយោគពិចារណាផលិតទុកលក់ក្នុងបរិមាណច្រើនដល់ក្រុមហ៊ុន។

លោកឧកញ៉ាលើកឡើងថា «ការវិនិយោគនៅក្នុងវិស័យកៅស៊ូនេះ វាមានរយៈពេលវែង ហើយពិបាកទទួលបានប្រាក់ចំណេញមកវិញណាស់។សព្វថ្ងៃនេះយើងលក់កៅស៊ូក្នុងតម្លៃមួយមិនទាន់ល្អប្រសើរនោះទេ ផ្អែកទៅលើថ្លៃដើមផលិតរបស់យើងជាមធ្យមក្នុងមួយតោនចំណាយអស់ជាង១៥០០ដុល្លារអាមេរិកទៅហើយសម្រាប់ក្រុមហ៊ុនវិនិយោគធំៗ។អីចឹងនៅពេលសព្វថ្ងៃនេះយើងលក់កៅស៊ូក្នុងមួយតោនបានថ្លៃក្រោម១៥០០ដុល្លារអាមេរិក»។

តាមលោកឧកញ៉ា លឹម ហេង មូលហេតុឬកត្តាដែលនាំឱ្យតម្លៃកៅស៊ូនៅទីផ្សារអន្តរជាតិនៅចោទជាបញ្ហានេះគឺដោយសារការវិវឌ្ឍនៃបច្ចេកវិទ្យាជាចំណែកមួយធ្វើឱ្យប៉ះពាល់ដែរ កាលពីមុននៅពេលតម្លៃកៅស៊ូឡើងថ្លៃនោះបានធ្វើឱ្យអ្នកប្រើប្រាស់កៅស៊ូងាកមកប្រើកៅស៊ូសិប្បនិម្មិតជាហេតុធ្វើឱ្យទីផ្សារផ្គត់ផ្គង់វារួមតូច ស្របពេលដែលបរិមាណផលិតនៅមានការកើនឡើង៕ អត្ថបទ៖សារេត