កម្ពុជាមានអ្នកកំពុងប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនីមានជិត៨០០គ្រឿង

សង្គម​ និង​សេដ្ឋកិច្ច

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ការប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនីនៅកម្ពុជាកំពុងមានការកើនឡើងខ្ពស់ ពោលគិតត្រឹមខែមករាឆ្នំា២០២៣មានជិត៨០០គ្រឿងកើនឡើងជាង១០ដងបើប្រៀបធៀបទៅនិងឆ្នំា២០២១រថយន្តប្រើថាមពលអគ្គិសនីមានតែ៦៦គ្រឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅស្ថានីយបញ្ចូលថាមពលអគ្គិសនីថ្មី៣ទីតាំងរបស់ស្ថានីយប្រេងឥន្ធនៈPTTនៅថ្ងៃទី១ ខែមីនានេះ ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើឱ្យប្រទេសជាតិមាតុភូមិមានការរីកចម្រើន។យើងឃើញមានការកើនឡើងច្រើននៅការចុះបញ្ជីយានយន្តដោយប្រើថាមពលធម្មតាក៏ដូចជាយានយន្តថាមពលអគ្គិសនី។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា «មកដល់សព្វថ្ងៃនេះយើងមានរថយន្តប្រើថាមពលអគ្គិសនីជិត៨០០គ្រឿងគិតមកដល់ខែមករាឆ្នំា២០២៣នេះ បើយើងប្រៀបធៀបទៅនិងឆ្នំា២០២១យើងមានរថយន្តប្រើថាមពលអគ្គិសនីតែ៦៦គ្រឿងទេ។ដូច្នេះការកើនឡើងនេះមានជាង១០ដងនៃចំនួនយានយន្តប្រើថាមពលអគ្គិសនី»។

បើយោងតាមលោកស៊ុន ចាន់ថុល ថា រាជរដ្ឋាភិបាលក៏បានចេញអនុក្រិត្យដើម្បីឱ្យក្រសួងសាធារណការនិងដឹកជញ្ជូនរៀបចំគណកម្មការអន្តរក្រសួងដើម្បីរៀបចំយុទ្ធសាស្ត្រនៃការប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនីនៅកម្ពុជាយើង។ដូចនេះអនុក្រិត្យបានចេញហើយ រីឯសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នៃការតែងតំាងសមាជិកសមាជិកានៃគណកម្មការអន្តរក្រសួងក៏បានរៀបចំជាប់សព្វគ្រប់។

ពាក់ព័ន្ធនិងការប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនីកម្ពុជានេះបើយោងតាម លោកឧកញ៉ លឹម ហេង អនុប្រធានសភាពាណិជកម្មកម្ពុជាបានសម្តែងនៅការគាំទ្រនិងជំរុញនិងការប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនីក៏ដូចជាថាមពលសូឡានៅកម្ពុជា ស្របពេលពិភពលោកកំពុងប្រារម្ភទៅលើការបំពុលបរិស្ថាន។

លោកឧកញ៉ា លឹម ហេង មានប្រសាសន៍«ការប៉ះពាល់ទៅលើរថយន្តប្រើដោយប្រេងឥន្ធនៈទៅថ្ងៃអនាគតវានឹងប៉ះពាល់។ ប៉ុន្តែយើងក៏ឃើញថាក្រុមហ៊ុនដែលបង្កើតយានយន្តនីមួយៗ កំពុងតែផលិតរថយន្តប្រើថាមពលអគ្គិសនី ទាំងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈដែលមានស្រាប់។ដូចនេះនៅថ្ងៃអនាគតបើមានតម្រូវការទីផ្សារ ប្រើប្រាស់យានយន្តប្រើថាមពលអគ្គិសនីមានច្រើន ខ្ញុំជឿថាក្រុមហ៊ុនផលិតរថយន្ត គាត់និងវិវឌ្ឍន៍ខ្លួនទៅប្រើរថយន្តប្រើថាមពលអគ្គិសនីទំាងអស់គ្នា។ដូចនេះការប៉ះពាល់វានិងធ្វើឱ្យប្រែប្រួលនិងមានការវិវឌ្ឍថ្មីសម្រាប់វិស័យយានយន្តនិងគ្រឿងអេឡិចត្រូនិកផ្សេងៗដោយប្រើថាមពលបៃតងនេះ»៕ អត្ថបទ៖សារេត