សម្ដេចតេជោ ហ៊ុន សែន ​បន្តដាស់​តឿន ពល​រដ្ឋឱ្យយ​ក​​​ចិត្តទុក​ដាក់​ថែទាំ​សុខ​ភាព ចៀស​វាង​ការឆ្លង​រោគ​កូ​វីដ-១៩

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តដាស់​តឿន និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ថែទាំសុខភាព ដើម្បីចៀសវាងការឆ្លង​រោគកូវីដ-១៩ ទោះបីជាអត្រាឆ្លងនៃជំងឺដ៏កាចសាហាវនេះ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេស​កម្ពុជា​ក្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោបានសរសេរនៅលើផេកផ្លូវការរបស់សម្តេចថា មកទល់ពេលនេះទាំង​កម្ពុជា និងពិភពលោក ​គឺកំពុង​រួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយ​ថ្នាំព្យាបាលជំងឺនេះ ក៏មិនទាន់រកឃើញនៅ​ឡើយ​ដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំង​ពិភព​លោក ដែលប្រទេសមួយចំនួនធំ កំពុងបិទប្រទេសនៅឡើយ។

សម្ដេចតេជោនាយករដ្ឋ​មន្ត្រីគូសបញ្ជាក់បន្ថែមថា ទោះបីនៅក្នុងរាជធានីភ្នំពេញក្តី ឬនៅតាមបណ្តាខេត្ត ក្រុង ឬជនបទក្តី សូមបងប្អូន​ទាំងអស់ បន្តពាក់ម៉ាស់ ឬក្រមាការពារ និងដុសលាងសម្អាត​ដៃដោយ​ទឹក​អាល់កុល ឬទឹកជែលសម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗ ឱ្យបានជាប្រចាំ ចៀសវាង​ការចម្លងរោគពីម្នាក់ទៅម្នាក់ ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត។

ជាមួយគ្នានេះ សូម​រាយការណ៍មកក្រសួងសុខាភិបាលជាបន្ទាន់​​ក្នុងករណី​មានការ​សង្ស័យណាមួយតាម​រយៈ​លេខ ១១៥៕