អ្នកជំនាញ៖ ប្រជាពលរដ្ឋអស់ក្តីបារម្ភទៅលើការទិញបង្កងតាកែវយកទៅបរិភោគថាប៉ះចំបង្កងក្លាងក្លាយ

សង្គម​ និង​សេដ្ឋកិច្ច

អ្នកជំនាញម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ លោក សុក សារ៉ង បានឱ្យដឹងថា បង្កងតាកែវមានកេរ្តិ៍ឈ្មោះល្បីយូរមកហើយដោយសារមានរសជាតិឆ្ងុយឆ្ងាញ់។ ប៉ុន្តែដោយសារមិនទាន់មានការចុះបញ្ជីការពារបានត្រឹមត្រូវវាមានការក្លែងបន្លំ ដោយយកបង្កងពីតំបន់ផ្សេងថាជាបង្កងធម្មជាតិរបស់ខេត្តតាកែវ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកសុក សារ៉ង មានប្រសាសន៍ថា«ជាធម្មតានៅពេលយើងចុះបញ្ជីការពារហើយ យើងអាចទប់ស្កាត់ពីការក្លែងបន្លំនេះបាន ហើយជួយឱ្យអ្នកបរិភោគទិញបានបង្កងតាកែវពិត។ ដូចនេះអ្នកទិញអស់ក្តីបារម្ភថាបង្កងតាកែវ ជាបង្កងមកពីតំបន់ផ្សេងឬបង្កងតាកែវក្លែងក្លាយ ហើយការធ្វើបែបនេះវាជួយឱ្យអ្នកបរិភោគទិញបានបង្កងតាកែវពិតប្រាកដ និងមានរសជាតិឆ្ងាញ់»។

លោកលើកឡើងថា ទាក់ទងនិងរឿងតម្លៃតាមពិតទៅបង្កងតាកែវពិតប្រាកដនៅលើទីផ្សាសព្វថ្ងៃនេះវាមានតម្លៃខ្ពស់។ សម្រាប់អ្នកបរិភោគឱ្យតែទិញបានបង្កងតាកែវពិតប្រាកដ ទោះបីតម្លៃខ្ពស់បន្តិច ក៏គាត់ទទួលយកបាន។ដូចនេះនៅពេលចុះបញ្ជីបង្កងតាកែវនេះរួចហើយវានឹងជួយឱ្យអ្នកបរិភោគបង្កងតាកែវមានភាពងាយស្រួលជាងមុនហើយតម្លៃអាចកើនឡើងជាពេលមុនពី១០ទៅ១៥%ទៅតាមផលិតផល អីចឹងទោះបីតម្លៃឡើងថ្លៃបន្ថែមតិចតួចទៀតក៏អ្នកបរិភោគទិញយកទៅបរិភោគដែរ។

បើតាមអ្នកជំនាញខាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរូបនេះ ថា បង្កងដែលគ្រោងចុះបញ្ជីនៅពេលខាងមុខនេះគឺជាបង្កងប្រមូលមកពីទន្លេនិងបឹងបួរ។ប៉ុន្តែមានការកំណត់អំពីទំហំបង្កងប៉ុណ្ណាអាចដាក់លក់បានដើម្បីចូលរួមអភិរក្សបង្កងធម្មជាតិ។យោងទៅតាមសៀវភៅបន្ទុកបង្កងធម្មជាតិអាចប្រមូលបានមាននៅស្រុកទ្រាំង ស្រុកអង្គរបុរី ស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ហើយសម្រាប់ការចិញ្ចឹមបង្កងតាមបែបធម្មជាតិនៅទីតាំងមួយណាក៏បានដែរឱ្យតែស្ថិតនៅក្នុងខេត្តតាកែវ។

សម្រាប់អ្នកចិញ្ចឹមបែបធម្មជាតិអាចចូលជាសមាជិកសមាគមហើយដាក់លក់ជាបង្កងតាកែវអាចទទួលបានតម្លៃប្រហាក់ប្រហែលគ្នាទៅតាមទំហំរបស់បង្កង។អ្នកចិញ្ចឹមបង្កងតាមបែបធម្មជាតិជួយឱ្យការលក់ដូររបស់កសិករមានភាពងាយស្រួល ឱ្យតែអនុវត្តបានទៅតាមសៀវភៅបន្ទុកដើម្បីធានាដល់គុណភាពសាច់បង្កង។

លោក សាប់ សារុន កសិករចិញ្ចឹមបង្កងបែបធម្មជាតិស្ថិតនៅក្នុងឃុំសំបួរស្រុកទ្រាំងខេត្តតាកែវមានការសប្បាយចិត្តនិងបានត្រៀមចូលជាសមាជិករបស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវនាពេលខាងមុខ  ព្រោះការចិញ្ចឹមបង្កងកាលណាមានទីផ្សារច្បាស់លាស់ វាល្អសម្រាប់កសិករ។

លោកបន្តថា «ក្រសួងពាណិជ្ជកម្មបង្កើតឱ្យមានសមាគមអាជីវករបង្កងទឹកសាបតាកែវនេះឡើង ខ្ញុំសប្បាយចិត្ត នៅពេលណាខ្ញុំចិញ្ចឹមបង្កងបានច្រើន ងាយស្រួលក្នុងការលក់ដូរ ស្របពេលបច្ចុប្បន្នខ្ញុំកំពុងចាប់ផ្តើមលក់បង្កងទៅដល់ពលរដ្ឋនៅក្នុងតំបន់មួយគីឡូក្រាមថ្លៃ២០ដុល្លារអាមេរិក ខណៈការប្រមូលផលវគ្គក្រោយអាចចូលមកដល់នៅមិថុនាឆ្នំា២០២៣»។

បើតាមកសិករ លោក សាប់ សារុន អះអាងថា លោកចាប់ផ្តើមចិញ្ចឹមបង្កងនិងចិញ្ចឹមត្រីដំបូងនៅឆ្នំា២០២១លើទំហំផ្ទៃដីប្រមាណ១០ហិកតាហើយនៅក្នុងរយៈពេល២ឆ្នំាកន្លងមកនេះជីវភាពគ្រួសារហាក់មានភាពល្អជាងការធ្វើស្រែ បើទោះបីតម្លៃបង្កងលក់ក្រោមថ្លៃ២០ដុល្លារអាមេរិកក្នុងមួយគីឡូក្រាមក៏ដោយ។

យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ដើម្បីរៀបចំមហាសន្និបាតកំណើតដំបូងរបស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣វេលាម៉ោង ៨ព្រឹក នៅសាលាខេត្តតាកែវ ក្នុងខេត្តតាកែវ ក្នុងគោលបំណងដើម្បីអនុម័តលើសៀវភៅលក្ខន្តិកៈសមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “បង្កងតាកែវ” និងការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់សមាគមអាជីវករបង្កងទឹកសាបខេត្ត៕ អត្ថបទ៖សារេត