រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាដាក់សាឡាង ដើម្បីឱ្យអ្នកធ្វើដំណើរឆ្លងពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្រដែលមានបច្ចុប្បន្ន ដើម្បីដោះស្រាយភាពកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ។
ការណែនាំឲ្យសិក្សាបន្ថែមសាឡាងនេះ គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយ៥ចំនុច ដែលជាលទ្ធផលក្នុង កិច្ចប្រជុំពិភាក្សាបន្ទាន់ដើម្បីដំណោះស្រាយភាពកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងហ៊ុំព័ទ្ធការដ្ឋានឱ្យបាន តូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ ហើយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្ថែម កម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅពេលចរាចរណ៍មមាញឹក។
ដោយឡែក ប្រជាពលរដ្ឋដែលនៅជុំវិញតំបន់ការដ្ឋាន គឺរដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ បម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន។ រីឯអ្នកទិញទំនិញមិនត្រូវធ្វើឈប់ចតលើទ្រូងផ្លូវឡើយ ហើយសមត្ថកិច្ច ត្រូវចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់វិធានការរដ្ឋបាល ចំពោះអ្នកដែលនៅតែប្រើប្រាស់ចិញ្ចើមផ្លូវ ធ្វើការជាកន្លែងលក់ដូរ។
គួរបញ្ជាក់ថា បន្ទាប់ពីមានភាពកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣មក អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំពិភាក្សាបន្ទាន់កាលពីថ្ងៃទី០៣ ខែមីនា ដើម្បីរកដំណោះស្រាយ។ អត្ថបទ៖ ពុទ្ធិកា