ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល៤ខែ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានយានយន្តធ្វេីចរាចរណ៍លេីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហុន ចំនួន ១,៤១៣,៩០៦ដង ខណៈត្រឹមខែកុម្ភៈ មានរថយន្តចរាចរណ៍ចំនួន ៣៥០,៧៨៥ដង។
គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿនដំបូងនេះ អាចរកចំណូលបានសរុបជិត ១១លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការអនុវត្តការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាមួយក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿននេះ កាលថ្ងៃទី២៨ ខែកុម្ភៈកន្លង។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២កន្លងទៅ ក្រោយមកក្រុមហ៊ុនក៏យកសេវាបង់ប្រាក់ក្នុងការធ្វើដំណើរទៅតាមច្រកចេញ-ចូលចំនួន ៨ទីតាំង និងប្រភេទរថយន្ត។
ផ្លូវល្បឿនលឿនលើកដំបូងបង្អស់នៅកម្ពុជានេះ មានប្រវែង ១៩០គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ ដើម្បីសាងសង់។ ផ្លូវ High Way នេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
យ៉ាងណា ក្រសួងសាធារណការ បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៥ មីនានេះ ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្ត តាមលក្ខខណ្ឌក្នុងការប្រេីប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងសូមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ កុំបេីកបរបញ្ច្រាសទិសចរាចរណ៍៕